ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ ត្រូវជាថ្ងៃកាន់បិណ្ឌទី១៣នៃរដូវបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងអមដំណើរដោយ លោកនាយករដ្ឋបាល លោកស្រីនាយករងរដ្ឋបាល លោកនាយករងទីចាត់ការ សាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត បានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តលឹមពូលស្យារាម ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងពិធីនេះដែរ ឯកឧត្តមបានមានមតិសំណេះសំណាល និងពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានសម្តេចទាំងបីជាអ្នដឹកនាំ ឯកឧត្តម បានថ្លែងអំណរគុណជូនចំពោះ លោកយាយ លោកតា ពូ មីង បងប្អូនប្រជាពលរដ្ឋដែលបានគាំទ្រ រាជរដ្ឋាភិបាលសព្វថ្ងៃ ដឹកនាំប្រទេសមានការរីកចម្រើនទៅមុខជានិច្ច។ ឯកឧត្តមក៏បានមានប្រសាសន៏ថា “ឯកឧត្តម ត្រូវបាន រាជរដ្ឋាភិបាល និងព្រះករុណា ព្រះអង្គម្ចាស់ជីវិតដម្កល់លើត្បូងនៃព្រះរាជាណាចក្រកម្ពុជា ឡាយប្រហស្ថតែងតាំងឯកឧត្តមជាអភិបាលខេត្ត គឺមកបម្រើលោកយាយ លោកតា ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនមែនមកធ្វើជាចៅហ្វាយរបស់លោកយាយ លោកតា ពូ មីង បងប្អូននោះទេ ដូច្នេះបើលោកយាយ លោកតា ពូ មីង បងប្អូនប្រជាពលរដ្ឋមានបញ្ហាអ្វី សូមអញ្ជើញទៅកាន់សាលាខេត្តដើម្បីជួបខ្ញុំ បើបញ្ហាណាដែលហួសពីសមត្ថភាពរបស់ថ្នាក់ខេត្ត ខ្ញុំនឹងធ្វើសំណើជូនថ្នាក់លើដើម្បីរកវិធានការដោះស្រាយរាល់បញ្ហាទាំងអស់នោះ”។ ក្នុងកម្មវិធីកាន់បិណ្ឌទី១៣ ឯកឧត្តម បាននាំយកទេយ្យវត្ថុទៅប្រគេនវត្តលឹមពូលស្យារាមរួមមានៈ
១.ទឹកបរិសុទ្ធ ៥កេស
២.ទឹកក្រូច ៥កេស
៣.ស្កសរ ៥គីឡូក្រាម
៥.តែ ៥គីឡូក្រាម
៦ អង្ករ ៣០០គីឡូក្រាម
៧ ថវិកា $២០០
ដោយវត្តគណៈធម្មយុត្តិចំនួន ពីរទៀតដែលស្ថិតក្នុងស្រុកត្រាំកក់គឺវត្តនូច័ន្ទគីរីប្រសិទ្ធារាម និងវត្តសម្ផស្សគិរីវណ្ណារាមទទួលបានថវិកាក្នុងមួយវត្តចំនួន $ ២០០ និងអង្ករចំនួន ៣០០គីឡូក្រាម និងចែកបច្ច័យជូនលោកយាយ លោកតា ពូ មីង បងប្អូនប្រជាពលរដ្ឋ ប្អូនកុមារា កុមារីក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០រៀល។