ព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម អ៊ិត សុខ ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្រ្តីនិងអញ្ជើញអមដំណើរដោយ លោក មាស ផុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្រ្តីអប់រំដែលបានចូលនិវត្ត លោកនាយក នាយករង នាយិកា នាយិការងតាមសាលាទូទាំងស្រុកគិរីវង់ ខេត្តតាកែវ ចំនួន ១៥៥នាក់។ ក្នុងពិធីនេះដែរឯកឧត្តម បានពាំនាំការផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះមន្រ្តីអប់រំដែលបានចូលនិវត្តបានបម្រើការងារជូនប្រទេសជាតិជាពិសេសលើផ្នែកអប់រំ។
ឯកឧត្តមបានលើកពីប្រវត្តិសាស្ត្រដែលប្រទេសយើងបានឆ្លងកាត់ជាច្រើនរបប ហើយបានធ្វើឲ្យប្រទេសយើងជួបការលំបាក អសន្តិសុខ យើងគ្មានសិទ្ធិសេរីភាព ប្រជាពលរដ្ឋជួបគ្រោះអត់ឃ្លាន មានការកាប់សំលាប់ជាតិសាសន៏ឯង(របប ប៉ុល បត) ទាំងអស់នេះគឺដោយសារតែ ការបែកបាក់សាមគ្គីផ្ទៃក្នុង ក៏ឈ្លោះគ្នាឯង ការលាបព៌ណឲ្យគ្នាទៅវិញទៅមក តាមប្រវត្តិសាស្រ្តបង្ហាញថាការបាត់បង់ទឹកដីនេះមិនមែនទើបតែបាត់បង់ទេ គឺបាត់បង់តាំងពីសម័យមុន ដោយសារតែខ្មែរយើងសម័យមុនចង់បានអំណាច ឈ្លោះគ្នា រួចបានត់ទៅពឹងបរទេសឲ្យមកជួយ ហើយផ្ទៃដីដែលមានសព្វថ្ងៃនេះដោយសារបារាំងបានទុកឲ្យយើង រាជរដ្ឋាភិបាលមិនបានធ្វើឲ្យបាត់បង់ទេ។ តាមរយៈប្រវត្តិសាស្រ្តនេះគឺជាមេរៀនដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា តើយើងត្រូវធ្វើយ៉ាងណាដើម្បីអភិវឌ្ឍប្រទេសជាតិយើងនោះ?
លើសពីនេះទៅទៀត ឯកឧត្តមបានបង្ហាញថាប្រទេសយើងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ មានសុខសន្តិភាព មានឯកភាពជាតិ ដែលទាំងអស់នេះគឺដោយសារតែការដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានតស៊ូជំនះគ្រប់ការលំបាកដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់ខ្លួន។
បន្ទប់មកឯកឧត្តម អ៊ិត សុខ បានលើកពីបញ្ហាយុវជន ជាអ្នកបន្តវេន ដូចនេះ លោកនាយក នាយករង នាយិកា នាយិការង ត្រូវខិតខំបណ្តុះបណ្តាលសិស្សទាំងអស់ធ្វើយ៉ាងណាឲ្យគេ ត្រូវខិតខំរៀនសូត្រ អូសទាញគាត់ឲ្យស្រលាញ់ និងចូលចិត្តការសិក្សាដើម្បីក្លាយជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ នឹងអប់រំយុវជនឲ្យនៅឆ្ងាយពីគ្រឿងញាណ ល្បែងពាលាអាវាសែ។