លោកជំទាវ និន សុផុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវចុះបញ្ចប់ទំនាស់រឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅស្រុកកោះអណ្តែត


ដោយអនុវត្តតាមគោលនយោបាយឈ្នះៗរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងមានការសម្របសម្រួលពីលោកជំទាវ និន សុផុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវនារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ បានធ្វើឱ្យបញ្ហាបុគ្គលិករបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី រឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅស្រុកកោះអណ្តែត ត្រូវបានបញ្ចប់ជាស្ថាបពរ ដោយភាគីទាំងអស់បានយល់ព្រមសម្របសម្រួល និងយោគយល់គ្នាទៅវិញទៅមក។ ក្នុងពេលនោះដែរលោកអគ្គនាយកស្ថាប័នមីក្រូហិរញ្ញវត្ថុក៏បានធ្វើការសុំអភ័យទោសចំពោះកំហុសឆ្គងដែលបុគ្គលិក របស់ខ្លួនបានប្រព្រឹត្ត និងយល់ព្រមសងនូវការខូចខាតព្រមទាំងជំងឺចិត្តជូនដល់ក្រុមគ្រួសាររងគ្រោះ។
ឆ្លៀងក្នុងឱកាសនោះដែរលោកជំទាវតំណាងរាស្ត្រ និងឯកឧត្តមអភិបាលខេត្តក៏បានណែនាំអំពីដំណើរការនៃនីតិវិធីច្បាប់មួយចំនួនដល់ភាគីទាំងអស់ ហើយក៏បានអំពាវនាវដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់សូមឱ្យមានការយោគយល់ដល់ប្រជាពលរដ្ឋ ដោយទុកលទ្ធភាពឱ្យគាត់ទៅតាមលទ្ធភាពរបស់គាត់ផងព្រោះថារាជរដ្ឋាភិបាលអនុញ្ញាតិឱ្យបង្កើតស្ថាប័នមីក្រូហិរញ្ញវត្ថុគឺដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមិនមែនដើម្បីធ្វើបាបប្រជាពលរដ្ឋទេ។ ឯកឧត្តមអភិបាលខេត្តបន្តថាការរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងករណីគាត់ខកខានមិនបានសងត្រូវធ្វើឡើងតាមផ្លូវច្បាប់មិនអាចធ្វើឡើងដោយបំពានច្បាប់បានទេ ហើយបើសិនមានករណីនេះកើតឡើងទៀតខេត្តនឹងដាក់ពាក្យបណ្តឹងចំពោះស្ថាប័នណាដែលរឹបអូសទ្រព្យសម្បត្តិប្រជាពលរដ្ឋខុសច្បាប់បែបនេះ ហើយខេត្តនឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមមាគ៌ារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីការពារឱ្យបានដាច់ខាតនៅផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។
ដោយឡែកក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះបានបង្ហាញសេចក្តីត្រេកអរយ៉ាងក្រៃលែង និងបានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តព្រឺទ្ធបណ្ឌិត លោកជំទាវតំណាងរាស្ត្រ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងបានដោះស្រាយបញ្ហាជូនពួកគាត់ទាន់ពេលវេលា។
FB_IMG_1475575825147FB_IMG_1475575813192FB_IMG_1475575798346FB_IMG_1475575790400