រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្តតាកែវបានរៀបចំពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករថ្មី ដែលលោក កែវ វ៉ាន្នី អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកំពត ត្រូវបានផ្ទេរភារកិច្ច និងប្រកាសតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវជំនួសលោក អេន សំអុល ដែលត្រូវចូលនិវត្តន៍។ កម្មវិធីនេះស្ថិតក្រោមអធិតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តមបណ្ឌិត នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុន ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដោយមានការចូលរួមពីលោកប្រធានតុលាការ អយ្យការអមសាលាដំបូង មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការគ្រប់មន្ទី អង្គភាពនៅក្នុងខេត្ត មន្ត្រីគយ និងរដ្ឋាករកម្ពុជា និងមន្ត្រីគយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងខេត្តអានយ៉ាង។
ក្នុងឱកាសនោះ ឯកឧត្តមគណៈអធិបតីបានថ្លែងអំណរគុណចំពោះលោកប្រធានសាខាចាស់ចូលនិវត្តន៍ដែលបានខិតខំបំពេញភារកិច្ច ក្នុងការប្រមូលពន្ធគយជូនជាតិ និងទប់ស្កាត់បទល្មើសសេដ្ឋកិច្ចផ្សេងៗកន្លងមក ព្រមទាំងសូមស្វាគមន៍ និង ផ្តាំផ្ញើរដល់ប្រធាន សាខាដែលចូលកាន់ដំណែងថ្មីត្រូវដឹកនាំប្រកបដោយវិជ្ជាជីវៈ សីលធម៌ និងគុណធម៌ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ ព្រមទាំងសហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អ ដើម្បីអនុវត្តការងារប្រមូលពន្ធគយ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ចផ្សេងៗឱ្យមានប្រសិទ្ធិភាពស្របតាមគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល។