ល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវអមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត លោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោង លោកស្រី ក្រូច ចន្ថា ប្រធានមន្ទីរកិច្ចការនារី បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ ចំនួន ៣២៨គ្រួសារ មកពី០៣ឃុំ គឺឃុំស្លារ ឃុំជើងគួន និងឃុំបឹងត្រាញ់ខាងត្បូង ក្នុងបរិវេណសាលាបឋមសិក្សាទួលរវៀង ស្ថិតនៅឃុំស្លាស្រុកសំរោង។ អំណោយទាំងនោះរួមមានៈ អង្ករ ២៥គ.ក្រ កន្ទេល ១ មុង១ សារុង១ ភួយ១ ក្រមារ១។
ក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខថ្នាក់ដឹកនាំទាំង៣ ជូនចំពោះប្រជាពលរដ្ឋក្នុងខេត្តតាកែវជាពិសេសប្រជាពលរដ្ឋនៅស្រុកសំរោងនេះ និងបានផ្តាំផ្ញើរប្រជាពលរដ្ឋសូមឱ្យចាត់ទុកឯកឧត្តមជាកូន ជាចៅ ជាក្មួយ ជាបង ជាប្អូន ព្រោះចំពោះឯកឧត្តមផ្ទាល់លោកតែងតែចាត់ទុកប្រជាពលរដ្ឋប្រៀបដូចជាសាច់សារលោហិតផ្ទាល់ ហើយឯកឧត្តមក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវនិងខិតខំអស់ពីលទ្ធភាពក្នុងការបម្រើ និងផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។
ក្នុងករណីដែលភូមិ ឃុំ ស្រុកពុំអាចរកដំណោះស្រាយជូនប្រជាពលរដ្ឋបានទេ លោកយាយ លោកតា ពុក ម៉ែ អ៊ុំ ពូ មីង អាចអញ្ជើញទៅជួបជាមួយខ្ញុំផ្ទាល់នៅសាលាខេត្តដើម្បីប្រាប់ពីទុក្ខលំបាករបស់ខ្លួន ហើយការិយាល័យរបស់ខ្ញុំបើកទ្វាស្វាគមន៍លោកយាយ លោកតា ពុក ម៉ែ អ៊ុំ ពូ មីង ជានិច្ច។ នេះជាការបន្ថែមរបស់ឯកឧត្តមអភិបាលខេត្ត។ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានជូនពរប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លាងឃ្លាតឡើយ។