រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបានចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ១២៦គ្រួសារ រងគ្រោះប៉ើងដំបូល និងរលំផ្ទះដោយសារខ្យល់កន្ត្រាក់នៅស្រុកបាទីដែលកើតឡើងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥នេះ។
ឯកឧត្តមអភិបាលខេត្តបាននាំនូវការសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ថ្នាក់ដឹកនាំជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនទាំងអស់និងបានជម្រាបជូនពីការយកចិត្តទុក្ខដាក់របស់សម្តេចទាំង២ចំពោះបងប្អូនទាំងអស់។ ទោះបីជាសម្តេចមិនបានមកផ្ទាល់តែសម្តេចបានបញ្ជូនរូបឯកឧត្តមអភិបាលខេត្ត និងលោកស្រីប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវក៏ដូចជាមន្ត្រីមូលដ្ឋានឱ្យចុះជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ និងធ្វើការស្រង់ស្ថិតិវាយតម្លៃពីការខូចខាតដើម្បីជួយជួសជុល និងសាងសង់ជូនប្រជាពលរដ្ឋវិញ។
សូមបញ្ជាក់ប្រជាពលរដ្ឋដែលរងគ្រោះដោយសាខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥ មានចំនួន ១២៦ខ្នងផ្ទះ ក្នុងនោះរលំទាំងស្រុងចំនួន ១០ខ្នងផ្ទះ រីឯអំណោយដែលចែកជូនបងប្អូននាពេលនេះមាន មុង១ ភួយ១ កន្ទេល១ តង់១ ក្រមា១ សារុង ១ និងអង្ករ២៥គ.ក្រ ដោយឡែកផ្ទះដែលរលំទាំងស្រុកទទួលបានថវិកាបន្ថែមម្នាក់ ៥ម៉ឺនរៀល។