ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីសហប្រតិបត្តិការដាំដើមឈើរវាងរដ្ឋបាលព្រៃឈើ និងមូលនិធិបរិស្ថានអ៊ីអន (AEON) ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Takuya Okada ប្រធានមូលនិធិបរិស្ថានអ៊ីអន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាប្រតិភូអមដំណើរ អ្នកស្ម័គ្រចិត្តកម្ពុជា ជប៉ុន និងប្រជាពលរដ្ឋសរុប ១១៤០នាក់ ដាំកូនឈើប្រណិតចំនួន ៧ ០០០ដើម លើផ្ទៃដី ២ហិកតា នៅរមណនីយដ្ឋានសួនសត្វភ្នំតាម៉ៅ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះមូលនិធិដែលបានចូលរួមចំណែកក្នុងការថែរក្សា និងលើកស្ទួយបរិស្ថានក្នុងប្រទេសកម្ពុជា។ឯកឧត្តមបន្តថាតាមរយៈសកម្មភាពទាំងនេះក៏ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងកាន់តែស្អិតរមួតថែមទៀតរវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន។