ក្រោយពីទទួលបានព័ត៌មាន ពីការស្រុតចុះនៃអគារក្នុងរោងចក្រកាត់ដេររបស់ក្រុមហ៊ុននីស៊ីគូ អ៊ីនធើប្រាយ កូអិលធិឌី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ អាជ្ញាធរមូលដ្ឋានក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងៗ ដោយមានការសហការពីរោងចក្របានចុះជួយសង្គ្រោះបងប្អូនកម្មករកម្មការីរងគ្រោះចំនួន ៨នាក់នាំយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ភ្លាមៗនោះឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា លោក គាវ សុវណ្ណធី អភិបាលរងខេត្ត លោក ហែម សារេត ប្រធានមន្ទីរសុខាភិបាលខេត្ត ស្នងការនគរបាលខេត្ត (តំណាងនាយឧត្តមសេនីយ៏ នេត សាវឿន) បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបស់បងប្អូនកម្មការិនី ព្រមទាំងនាំយកនូវអំណោយ និងថវិកាមួយចំនួនដូចជា : អំណោយឯកឧត្តម អ៊ិត សំហេង ថវិកាម្នាក់ ១០០,០០០រៀល ឯកឧត្តម ឡាយ វណ្ណៈ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវដោយម្នាក់ៗ មី ១កេស ទឹកដោះគោឆៅ ១ឡូ ឃីត ១កញ្ចប់ និងថិវកា ១០០,០០០រៀល ព្រមទាំងថវិកាឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ថវិកាម្នាក់ៗ ២០០,០០០រៀល។