ព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាល អភិបាលរង ស្រុក មន្ត្រីរាជការកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងសមាជិក សមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអង្គរបុរីបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តកំពង់ហ្លួង ស្ថិតក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះបុព្វការីជន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងថាពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌជាបុណ្យប្រពៃណីត្រូវបានប្រជាពលរដ្ឋ ខ្មែរថែរក្សាទុក តាំងពី បុរាណកាលមក ហើយត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយមានរៀបចំធ្វើចង្ហាន់ នំ ចំណី ផ្កា ធូប ទៀន យកទៅ វត្តអារាមនានា តាមជិតឬឆ្ងាយដើម្បីរាប់បាត បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន មានតាមា បិតា ញាត្តិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានទៅកាន់លោក ខាងមុខ ហើយសុំមកវិញ នូវសព្វសារ ធុការពរ ជ័យមង្គល សេចក្តីសុខ ដល់កូនចៅទាំងអស់គ្នា រកស៊ីទទួលទាន មានបានអាយុវែង គ្រប់ៗគ្នា ។
បន្ថែមពីនោះក្នុងនាមអភិបាលខេត្តឯកឧត្តមសន្យាថានឹងមិនធ្វើជាមន្ត្រីជើង១០ ដែលតែងតែអង្គុយក្នុងការិយាល័យឡើយ គឺត្រូវចុះឱ្យដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋដើម្បីស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋ ហើយឯកឧត្តមនឹងបង្កើតឱ្យមានបណ្តាញទូរស័ព្ទបីខ្សែដើម្បីទទួលស្តាប់ពីកង្វល់ក៏ដូចជាពាក្យបណ្តឹងពីប្រជាពលរដ្ឋ។ ក្នុងអាណត្តិ ជាអភិបាលខេត្តតាកែវឯកឧត្តមនឹងខិតខំឱ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាអភិវឌ្ឍន៍ខេត្តតាកែវឱ្យកាន់តែរីកចំរើនទៅមុខបន្ថែមទៀត។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនូនរួមមាន៖មី ០៥កេស ទឹកក្រូច ០៥កេស ទឹកសុទ្ធ ០៥កេស ស្កសរ ០៥គ.ក្រ តែ ០២គ.ក្រ អង្ករ ៣០០គ.ក្រ និងបច្ច័យសរុប ៨០ម៉ឺនរៀលជូនវត្តកំពង់លួង និងប្រគេនអង្ករជូនវត្តទាំង ១១ផ្សេងទៀតទូទាំងស្រុកអង្គរបុរី ក្នុង១វត្តអង្ករ ៣០០គ.ក្រ ព្រមទាំងជូនថវិកាដល់ តាជី យាយជី ចាស់ព្រឹទ្ធាចារ្យចំនួន ២០០នាក់ ម្នាក់ៗទទួលបាន១០,០០០រៀល និងបានចូលរួមដាំកូន ឈើនៅក្នុងវត្តផងដែរ។