ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ញើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារជម្ងឺទូទៅ និងអគារសម្ភព នៅមន្ទីរពេទ្យបង្អែក នៃស្រុកប្រតិបត្តិកោះអណ្តែត ដែលជាអំណោយរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម Yuji Kumamaru ឯកអគ្គរាជទូតជប៉ុននៅកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវជាពិសេសបងប្អូនក្នុងស្រុកកោះអណ្តែត ព្រមទាំងបានថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់នូវអាគារមួយខ្នងនេះព្រមទាំងបំពាក់នូវបរិក្ខាថែមទៀត ដែលអាគារថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវសេវាសុខភាពដល់ប្រជាពលរដ្ឋក្នុងស្រុក។ ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកនេះដែលបានខិតខំព្យាបាលដល់បងប្អូនដែលមានជម្ងឺ។