ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ រដ្ឋបាលខេត្តតាកែវបាននឹងកំពុងរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវក្នុងគោលបំណងផ្តល់ឱ្យក្រុមប្រឹក្សាខេត្តនូវនីតិវិធី និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ដើម្បីផ្តល់ជូនប្រជាពលរដ្ឋឱ្យទទួលបាននូវការចូលរួមក្នុងដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខេត្តដើម្បីធានាថាៈ
-បញ្ហាអទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវបានពិនិត្យ និងដោះស្រាយ
-គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ជូលក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។
ជាក់ស្តែងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅបរិវេណវត្តសំផ្លី ស្ថិតក្នុងភូមិសំផ្លី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ថិតក្រោមអធិបតីភាព ឯកឧត្តម គិន ណែន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ នូ សុវណ្ណនី អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាល អភិបាលរងស្រុក លោក លោកស្រីជាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ១៤០នាក់ ដោយមានការចោទសួរនិងបកស្រាយ ពីសំណាក់ប្រជាពលរដ្ឋចូលរួម និងអង្គភាពពាក់ព័ន្ធយ៉ាងផុសផុល។