ក្រោយពីទទួលដំណឹងដ៏សោកសៅស្តីពីមរណៈភាពរបស់លោក ហែម លីណូ សមាជិកក្រុមប្រឹក្សាឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយរោគាពាធ ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិព្រៃឈ្នួល ឃុំរវៀង ស្រុកសំរោងខេត្តតាកែវ។ ឯកឧត្តមអភិបាលខេត្តបានបង្ហាញនូវការស្តាយស្រណោះយ៉ាងពន់ពេកចំពោះការបាត់បង់នូវមន្ត្រីមួយរូបដែលខិតខំលះបង់កម្លាំងកាយចិត្តមប្រើជាតិមាតុភូមិ ព្រមទាំងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ហែម លីណូ បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានចូលបច្ច័យចំនួន ២០០ដុល្លារផងដែរ។
ដើម្បីជាការតបស្នង និងដឹងគុណដល់វីរៈភាពរបស់លោក ហែម លីណូ ដែលខិតខំបម្រើជាតិមាតុភូមិយ៉ាងស្មោះស្ម័គ្រ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភគាំទ្រការសិក្សាថ្នាក់ឧត្តមសិក្សារយៈពេល ៤ឆ្នាំ រហូតដល់បញ្ចប់ជាស្ថាពរ ដល់កូនស្រីពៅរបស់លោកសែម លីណូ ឈ្មោះ ឆាន់ ស្រីពេជ្រ ដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ២ឆ្នាំមកហើយ ហើយបច្ចុប្បន្នកំពុងបម្រើការងារក្នុងរោងចក្រមួយក្នុងស្រុកបាទីដែលមានបំណង់បន្តការសិក្សាថ្នាក់ឧត្តម ដោយឯកឧត្តមអភិបាលខេត្តទុកឱ្យប្អូនស្រីធ្វើការពិចារណាជ្រើសរើសមុខវិជ្ជាណាក៏បានដែលប្អូនចង់រៀន។