រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកស្រី នូ សុវណ្ណី អភិបាលរងខេត្តតាកែវ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការក្នុងស្រុកសំរោង បានអញ្ជើញចុះចែកអំណោយកាកបាទក្រហមដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៧៧គ្រួសារ។ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបុទុមសូរិយា ស្ថិតនៅភូមិត្រពាំងត្របែក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ អំណោយទាំងនោះរួមមានៈ មុង ១ ភួយ ១ កន្ទេល ១ តង់ ១ ក្រម៉ា ១ សារុង ១ អង្ករ ២៥គ.ក្រ និងថវិកា ៤០,០០០រៀល។
សូមបញ្ជាក់ថាគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុកសំរោងមានចំនួន ៨៤ គ្រួសារ ប៉ុន្តែដោយ ៧គ្រួសារទៀតនៅឆ្ងាយពិបាកក្នុងការធ្វើដំណើរមកទទួល ដូច្នេះគណកម្មាធិការសាខាកាកបាទក្រហមខេត្តនឹងនាំយកអំណោយទាំងនោះទៅដល់ផ្ទះជនរងគ្រោះតែម្តង។