ព្រឹកថ្ងៃច័ន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ចើញជាអធិបតីក្នុងមហាសន្និបាតសហគមន៍កសិកម្មកំពែងសែនសុខសំបូរ ស្តីពីការបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៦ នៅបរិវេណសាលាឃុំកំពែង ស្រុកគិរីវង់ខេត្តតាកែវ។
សហគមន៍កសិកម្មនេះជាសហគមន៍ទាំង១៤ នៅក្នុងស្រុកគិរីវង់ ហើយត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ដែលមានសមាជិកសរុប ២១២នាក់ ស្រី ៨៥នាក់ មានភាគហ៊ុនសរុប ៧៩៤ហ៊ុន ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដែលសហគមន៍ទាំងនោះត្រូវបានទទួលការឧបត្ថម្ភគាំទ្រទាំងស្មារតី និងបច្ចេកទេសពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកគិរីវង់។
ក្រោយពីបានស្តាប់របាយការណ៍របស់ប្រធានសហគមន៍រួចមក ឯកឧត្តមអភិបាលខេត្តក៏បានពាំនាំនូវពាក្យផ្តាំផ្ញើរសួរសុខ ទុក្ខទីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងថ្លែងកោតសរសើរដល់គណៈគ្រប់គ្រងសហគមន៍ដែលដឹកនាំសហគមន៍ទទួលបានជោគជ័យ និងទទួលបានប្រាក់ចំណេញតាំងពីឆ្នាំដំបូងទៅ។
ឯកឧត្តមបានផ្តាំផ្ញើរដល់សមាជិក សមាជិការទាំងអស់ថាការបង្កើតសហគមន៍នេះគឺកើតចេញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះជីវភាពរបស់បងប្អូនទាំងអស់ដូច្នេះសូមបងប្អូន
ត្រូវរួបរួមសាមគ្គីគ្នាដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍យើងកាន់តែរីកចំរើន ពីព្រោះវាមិនមែនជាការងាយស្រួលឡើយក្នុងការបង្កើត និងធ្វើឱ្យវាដំណើរការប្រកបដោយជោគជ័យនោះ ។ ជាចុងក្រោយឯកឧត្តមអភិបាលខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងសហគមន៍ឱ្យបានច្រើនព្រោះវាផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់បងប្អូន។
មហាសន្និបាតនេះក៏បានអនុម័តបញ្ជូលសមាជិកថ្មីចំនួន ១២៧នាក់បន្ថែមទៀតផងដែរ។