៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជារយៈដែលប្រជាពលរដ្ឋខ្មែរត្រូវរស់នៅក្នុងគុកកម្ម ទទួលរងនូវទុក្ខទារុណឥតគណនា ជីវិតពលរដ្ឋខ្មែបានស្លាប់ពេញដីក្នុងរបបបនប្រល័យពូជសាសន៍។
២០ ឧសភា ១៩៧៥ ជាថ្ងៃរដ្ឋាភិបាលកុម្មុយនីស្តកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពតប្រកាសដាក់ ឲ្យអនុវត្តនូវគោលនយោបាយ មាគ៌ាបដិវត្តន៍សមូហភាព ដែលជាថ្ងៃចាប់ផ្តើមនៃការប្រល័យជីវិតប្រជាជនខ្មែរយ៉ាងរង្គាល។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ខ្មែរបានរួចផុតពីរបបដ៏ឃោឃៅ និងបានកសាងប្រទេសជាតិរីកចំរើនរហូតដល់ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋគ្រប់រូបចងចាំមិនភ្លេចទេនូវរបបដ៏យង់ឃ្នងនោះ។ ដូច្នេះហើយទើបរៀងរាល់ថ្ងៃ ២០ ឧសភា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានបានរៀបចំពិធីចងកំហឹង និងគោរពវិញ្ញាណក្ខន្ធដល់អ្នកដែលស្លាប់ក្នុងរបបនោះ ជាក់ស្តែងព្រឹក២០ ឧសភា ២០១៥ នេះ នៅបរិវេណវត្តព្រៃផ្អាវ ស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរាប់បាតជូនព្រះសង្ឈ ក្រោមអធិតបីភាព ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ឯកឧត្តម លឹម កែវ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកទ្រាំង ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានលើកឡើងពីទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ និងបានបញ្ជាក់ថាគ្មាននរណាម្នាក់មិនបានបាត់បង់សាច់ញាតិក្នុងរបបនោះឡើយ ជាក់ស្តែងខ្លួនលោកផ្ទាល់ក៏បានបាតបង់ និងព្រាត់ប្រាស់សាច់ញាតិមួយចំនួនផងដែរ។ ពេលនេះប្រទេសយើងមានសន្តិភាពពេញលេញហើយ ប្រជាពលរដ្ឋមានសិទ្ធសេរីភាពពេញលេញហើយ ដូច្នេះយើងត្រូវរួបរួមគ្នាកសាងប្រទេសយើងឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខថែមទៀត ធ្វើយ៉ាងណាការពារដាច់ខាតមិនឱ្យប្រទេសយើងត្រលប់ទៅរកការកាប់សម្លាប់គ្នាទៀតឡើយ។