ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអនុញ្ញាតិឱ្យតំណាងសហជីពចំនួន ០៤នាក់ មកពី ០៤សហជីព និងតំណាងកម្មករ កម្មការិនី ចំនួន ០៨នាក់ ក្នុងចំណោម១០០នាក់មកពីរោងចក្រ វ៉ូណាមមី (ខេមបូឌា) ហ្កាមិន ខូអិលធីឌី មានទីតាំងស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ដែលមកធ្វើការទាមទារនៅសាលាខេត្តតាកែវ ចូលជួបពិភាក្សានៅសាលប្រជុំសាលាខេត្តតាកែវដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ចំនួន ០២ចំនុច ក្នុងចំណោម ១៤ចំនុចដែលបានទាមទារ។
– សុំលុយឧបត្ថម្ភបាយថ្ងៃត្រង់ ៥០០រៀលបន្ថែមទៀតពីលើ ១០០០រៀលដែលរោងចក្របានផ្តល់រួចហើយ។
– សុំរក្សាប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលកូដកម្ម។
ក្រោយពីបានស្តាប់ការលើកឡើងរបស់ប្រធានមន្ទីរការងារ តំណាងសហជីព និងកម្មកររួចមកឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍លើកឡើងពីដំណើរការនៃការដោះស្រាយបញ្ហាបាតុកម្ម កូដកម្មទាមទារល័ក្ខខណ្ឌការងារផ្សេងៗ។ឯកឧត្តមបន្តថារោងចក្រ និងកម្មករប្រៀបដូចជាអ្នកដែលជិះទូកតែមួយដូច្នេះចំពោះការទាមទារអ្វីមួយយើងត្រូវចេះយោគយល់គ្នាទៅវិញទៅមកដើម្បីស្វែងរកចំនុចព្រមព្រៀងរួមមួយដែលទទួលយកបានទាំងអស់គ្នា។ ចំពោះបញ្ហាដែលនៅសេសសល់ចំនួន ០២ចំនុចដែលបងប្អូនទាមទារឯកឧត្តមនឹងខំប្រឹងអស់ពីលទ្ធភាពដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ជូនបងប្អូនកម្មករ កម្មការិនីយើង ដោយឯកឧត្តមនឹងហៅតំណាងរោងចក្រដែលមានសិទ្ធិក្នុងការសម្រេចមកជួបពិភាក្សាផ្ទាល់ជាមួយឯកឧត្តមនៅរសៀលនេះនៅសាលាខេត្តហើយប្រសិនបើបានលទ្ធផលយ៉ាងណាលោកនឹងជូនដំណឹងទៅតំណាងសហជីព និងកម្មករ កម្មការិនីឱ្យបានដឹង។
ក្រោយពីបញ្ចប់កិច្ចពិភាក្សាឯកឧត្តមអភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករ កម្មការិនីដែលកំពុងរងចាំនៅខាងក្រៅបរិវេណសាលាខេត្តប្រកបដោយបរិយាកាសស្និទ្ធស្នាលប្រៀបដូចជាបងប្អូននៅក្នុងមហាគ្រួសារខ្មែរតែមួយព្រមទាំងឧបត្ថម្ភថវិកាចំនួន ១លានរៀលដល់បងប្អូនសម្រាប់អាហារថ្ងៃត្រង់ផងដែរ។