រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នៅសាលាប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តតាកែវ និងខេត្តកំពតជាមួយអ្នកតំណាងរាស្ត្រ ក្រោមអធិបតីភាពឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមអធិបតីបានពាំនាំពាក្យសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខដឹកនាំទាំងបីជូនចំពោះបងប្អូនជនជាតិឥស្លាមទាំងអស់ជាពិសេសក្នុងខេត្តតាកែវ។ សម្តេចទាំងបីតែងតែយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ ដោយមិនប្រកាន់ជាតិសាសន៍ សាសនា រឺនិន្នាការនយោបាយឡើយ។
ដោយកន្លងមកបងប្អូនឥស្លាមមួយចំនួនតែងតែចាញ់បោក រឺក៏ត្រូវចំណាយយ៉ាងលើសលុបក្នុងការរកសេវាកម្ម ចំពោះការធ្វើដំណើរទៅបំពេញនូវសសរគ្រឹះទីប្រាំនៃសាសនាឥស្លាមគឺបុណ្យហាជ្ជីនៅទីក្រុងមឹក្កៈ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ឯកឧត្តមក៏បានណែនាំពីអង្គការមូលនិធិជំនួយទី១ ដែលជាអង្គការជួយសម្របសម្រួលបងប្អូនអាចទៅចូលរួមបំពេញនូវសសរគ្រឹះទីប្រាំនៃសាសនាឥស្លាមគឺបុណ្យហាជ្ជីនៅទីក្រុងមឹក្កៈដោយមានទំនុកចិត្តខ្ពស់ និងប្រកបដោយសុវត្ថិភាព។