ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានជួបសំណេះ សំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កម៉ូតូ ចំនួន ២៨០នាក់ នៅក្នុងក្រុងដូនកែវ ស្រុកទ្រាំង ស្រុកត្រាំកក់ និងស្រុកសំរោង ដើម្បីពិភាក្សាបង្កើតមូលនិធិអ្នករត់ម៉ូតូឌុប រ៉ឺម៉កម៉ូតូ និងតាក់ស៊ី ក្នុងខេត្តតាកែវ នៅសាលសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគតាកែវ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
ឯកឧត្តមអភិបាលខេត្តបានថ្លែងក្នុងឱកាសនោះថាមូលនិធិនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលនូវការខ្វះខាតរបស់បងប្អូន ដែលត្រូវការថវិកាបន្ទាន់សម្រាប់ដោះស្រាយបញ្ហានានារបស់បងប្អូន ពីព្រោះមូលនិធិនេះនឹងផ្តល់នូវកំចីដែលមានការប្រាក់ទាបបំផុត ហើយចំណូលដែលបានមកការប្រាក់នេះនឹងត្រូវដាក់បញ្ជូលទៅក្នុងមូលនិធិដើម្បីឱ្យមូលនិធិមានធនធានហិរញ្ញវត្ថុកាន់តែធំឡើង។ ដោយឡែកគណៈកម្មាធិការប្រតិបត្តិដែលជាអ្នកទទួលខុសត្រូវក្នុងការសម្រេចចិត្តផ្តល់ប្រាក់កំចីនឹងត្រូវជ្រើសរើសចេញពីតំណាងរបស់បងប្អូនទាំងអស់គ្នាផ្ទាល់តែម្តង។
ឯកឧត្តមបន្តថាយើងនឹងចាប់ផ្តើមដំណើរការមូលនិធិនេះនៅក្នុងក្រុង ស្រុកទាំង៤នេះសិន ហើយយើងនឹងបន្តពង្រីកឱ្យដំណើរការទូទាំង ខេត្តតាកែវយើងតែម្តងដើម្បីជួយដល់បងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉ក ម៉ូតូនៅក្នុងខេត្តយើង ហើយឯកឧត្តមនឹងបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន ៥០០០ដុល្លារសម្រាប់ដំណើរការដំបូង ហើយឯកឧត្តមនឹងខិតខំ គៀងគរសប្បុរសជនបន្ថែមទៀត។ ក្នុងពេលនោះដែរលោកអធិការ នគរបាលក្រុងដូនកែវក៏បាន បរិច្ចាកថវិការចូលក្នុងមូលនិធិចំនួន ៥០០ដុល្លារផងដែរ។
ក្រោយពីសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉ក ម៉ូតូរួចឯកឧត្តមអភិបាលខេត្តក៏បានជួបជាមួយ ប្អូនៗគរុសិស្ស និងបានយល់ព្រមតាមសំណើរបស់ប្អូនៗដោយផ្តល់នូវអាងទឹកធំមួយ សម្រាប់ជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្អូនៗ។