ព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំលោក លោកស្រី ជាអភិបាលរងខេត្ត ប្រធានមន្ទីរ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធិផលថ្មីៗជាច្រើនរួមមានក្លោងទ្វារ កុដិ ប្រាសាទដំរី អាងទឹក និងបន្ទប់អនាម័យ ដែលជាគំនិតផ្តួចផ្តើមកសាងដោយលោកជំទាវ អ៊ុយ ស៊ីម ស្ថិតនៅមណ្ឌលវិបស្សនាធុរៈថ្មធំភ្នំពាក់បង្កង់ នាឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។សមិទ្ធិផលថ្មីទាំងអស់នេះគឺបង្ហាញឲ្យឃើញកាន់តែច្បាស់បន្ថែមទៀតថាប្រទេសកម្ពុជាយើងគឺមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានការពារប្រទេស ការពារបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ធ្វើឲ្យបងប្អូនមានឳកាសក្នុងការកសាងសមិទ្ធិផលទាំងអស់នេះឡើង។ក្នុងកម្មវិធីនេះដែរគណៈអធិបតីបានថ្លែងអំណរគុណលោកជំទាវ ដែលបានកសាងសមិទ្ធិផលទាំងអស់នេះឡើង និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដូចខាងក្រោមៈ
១. សូមមេត្តាត្រៀមពូជ ស្រូវសុទ្ធល្អៗពីព្រោះរដូវវស្សាបានមកដល់ហើយ។
២. ត្រូវបើកថ្នាក់បំប៉ន់សម្រាប់ការប្រលងសញ្ញាប័ត្របឋមភូមិ
៣. ការពា និងថែរក្សាបរិស្ថានឲ្យបានល្អ ត្រូវចេះទុកដាក់សម្រាមជាពិសេសថង់ប្លាស្ទិកត្រូវប្រើប្រាស់ឡើងវិញ កាត់បន្ថយ និងកែច្នៃឡើងវិញ។
ក្នុងកម្មវិធីនេះឯកឧត្តម បណ្ឌិត ច័ន្ទ សារុន បានឧបត្ថម្ភ ជូនតាជី យាយជីចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ១ដុំ ថវិកា ៥,០០០រៀល និងចូលជាបច្ច័យចំនួន១,០០០,០០០រៀល ចំណែកឯកឧត្តម ឡាយ វណ្ណៈ បានចូលជាបច្ច័យចំនួន ៥,៦៥៥,០០០រៀល ជូនមណ្ឌលវិបស្សនាធុរៈថ្មធំភ្នំពាក់បង្កង់ បច្ច័យចំនួន ១,៦០០,០០០រៀល ជូនវត្តអង្គពណ្ណរាយ និងថវិកាចំនួន ៤,០០០,០០០រៀល ជូនសមាគមន៏ក្រុមការងារឯកឧត្តម បណ្ឌិត ច័ន្ទ សារុន ស្រុកត្រាំកក់។សូមបញ្ជាក់ដែរថាមណ្ឌលវិបស្សនាធុរៈថ្មធំភ្នំពាក់បង្កង់គឺមានទេសភាពស្រស់បំព្រង បរិស្ថានស្អាតជាទីមនោរម្យណាស់។