រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទោចក្រយានយន្តចំនួន ០៤គ្រឿងដល់សិស្សឆ្នើមនិទ្ទេសA ចំនួន ០៤រូបក្នុងស្រុកត្រាំកក់ ដែលប្រព្រឹត្តទៅក្នុងបរិវេណវិទ្យស្ថានសន្តប៉ូល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ និងលោកជំទាវ។
ក្នុងឱកាសនោះឯកឧត្តមបានថ្លែងកោតសរសើរដល់ប្អូនៗដែលខិតខំរៀនសូត្ររហូតប្រលងជាប់និទ្ទេសA និងបានបន្តទៀតថាអ្វីៗដែលប្អូនៗបានទទួលក្នុងពេលនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់ខ្លួនផ្ទាល់ រួមផ្សំនិងការយកចិត្តទុកដាក់ចិញ្ចឹមបីបាច់ អប់រំប្រៀនប្រដៅពីមាតា បិតា និងខិតខំផ្ទេរចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូដែលជាបណ្ណាល័យដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្អូនៗក្រេបយកចំណេះដឹង។
ឯកឧត្តមក៏បានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូ ជាពិសេសប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំបន្ថែមទៀតដើម្បីឱ្យខេត្តតាកែវមានសិស្សឆ្លើមកាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថាទោចក្រយានទាំង ០៤គ្រឿងនេះជាអំណោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ប្រគល់ជូនប្អូនសិស្សឆ្នើមទាំង ០៤រូប ដោយឡែកឯកឧត្តម ឡាយ វណ្ណៈ ក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូដែលមកចូលរួមក្នុងពិធីនេះចំនួន ២៣៨នាក់ ដោយម្នាក់ៗថវិកា ៣០,០០០រៀល។
គួរកត់សម្គាល់ដែរថាខេត្តតាកែវមានសិស្សឆ្នើមប្រលងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ ចំនួន ០៦រូប ដោយ ០៤រូប នៅស្រុកត្រាំកក់ ០១រូបនៅស្រុកសំរោង និង០១រូបទៀតនៅស្រុកព្រៃកប្បាស។ ចំពោះប្អូនៗដែលនៅស្រុកសំរោង ឯកឧត្តមអភិបាលខេត្ត រួមជាមួយឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រវ័យក្មេង និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកនីមួយៗនឹងធ្វើពិធីប្រគល់នៅតាមស្រុករបស់ប្អូនៗរៀងៗខ្លួន។