រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀលអបអរឆ្នាំថ្មីដល់វីរកងទ័ពនៅបញ្ជាការដ្ឋានវរសេនាតូចលេខ ១១៤ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ នាឱកាសនោះឯកឧត្តមបានសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនវីរកងទ័ព និងបានថ្លែងអំណរគុណដល់វីរភាពរបស់បងប្អូនដែលលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានជូនពរដល់បងប្អូនទទួលបាននូវសុខភាពល្អ កម្លាំងម៉ាំមួន ទទួលបានជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់កងវរសេនាតូចលេខ ១១៤ នូវ អង្ករចំនួន ៣តោន ថវិកា ២លានរៀលសម្រាប់ចំណាយក្នុងកម្មវិធីជប់លៀង និង៤លានរៀលសម្រាប់ចំណាយទៅលើការទូទាត់ក្នុងការកសាងសមិទ្ធិផលនានានៅក្នុងទីបញ្ជាការដ្ឋាន។