អាគារសាលប្រជុំយ៉ាងធំតម្លៃ ២៣ម៉ឺនដុល្លារ ដែលជាសំណើរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ត្រូវបានគណៈកម្មាធិការខេត្តអានយ៉ាង សាធារណៈរដ្ឋសង្គមនិយមវៀតណាម សម្រេចផ្តល់ជូនជាចំណងដៃដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុននេះ ក្នុងឱកាសដែលប្រតិភូរវៀតណាមមួយក្រុមដឹកនាំដោយលោក ឡេ វ៉ាននិង អនុប្រធានគណៈកម្មាធិការខេត្តអានយ៉ាង ចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំពោះឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់នៅសាលប្រជុំសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦។
លោកអនុប្រធានគណៈកម្មាធិការខេត្តអានយ៉ាង បានមានប្រសាសន៍ថាភាគីវៀតណាមជាអ្នកទទួលខុសត្រូវទាំងស្រុកលើការចំណាយសាងសង់នេះ ទៅតាមប្លង់ដែលគូសដោយភាគីកម្ពុជា ក្រោយពេលសាងសង់រួចរាល់ហើយនឹងធ្វើពិធីប្រគល់ទទួលជូនភាគីកម្ពុជាតែម្តង។
ជាកិច្ចឆ្លើយតបឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានចំណាយពេលដ៏មានតម្លៃដើម្បីជូនពរដល់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសចូលឆ្នាំថ្មីនេះ ជាពិសេសបាននាំមកនូវចំណងដៃដ៏ធំមួយជូនដល់ខេត្តតាកែវ។ ចំណងដៃថ្មីនេះគឺជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាពរវាងខេត្តយើងទាំងពីរ តាកែវ អាន យ៉ាង ហើយយើងប្តេជ្ញា នឹងបន្តរឹតចំណងមិត្តភាពនេះឱ្យកាន់តែរឹងម៉ាំថែមទៀតដើម្បីជួយគ្នាក្នុងការទប់ស្កាត់បទល្មើសនានានៅតាមព្រំដែន ជាពិសេសគឺការអភិវឌ្ឍខេត្តយើងទាំងពីរ។ ឯកឧត្តមបន្តថាអាគារសាលប្រជុំនេះគឺពិតជានឹងឆ្លើយតបតាមតម្រូវការចាំបាច់របស់ខេត្តតាកែវបច្ចុប្បន្នដែលមានការខ្វះខាតនូវសាលប្រជុំដើម្បីរៀបចំកិច្ចប្រជុំធំៗនានានៅក្នុងខេត្ត។
ក្រោយពីបញ្ចប់ជំនួបជាមួយប្រតិភូរខេត្តអាន យ៉ាង រួចមកឯកឧត្តមអភិបាលខេត្តតាកែវក៏បានទទួលជួបជាមួយប្រតិភូខេត្តគៀនយ៉ាង ដែលចូលមកសម្តែងការគួរសម និងជូនពរឆ្នាំថ្មីបន្តទៀត។