ដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងគោលបំណងធានា នូវភាពកក់ ក្តៅជូនប្រជាពលរដ្ឋ ឯកឧត្តម ស្វាយ ស៊ីថា បានចាត់ទុកបញ្ហាគ្រឿងញៀន ល្បែងស៊ីសង បងតូចបងធំ និងបញ្ហាចោរកម្ម គឺជាការងារអាទិភាពនិងជាកង្វល់ដ៏ធំបំផុត ដែលសមត្ថកិច្ច មូល ដ្ឋានត្រូវតែមានវិធានការឲ្យបានម៉ឺងម៉ាត់ ធ្វើយ៉ាងណាបង្ក្រាប ទប់ស្កាត់ និងលុបបំបាត់ឲ្យអស់។
បន្ថែមពីលើនេះ ឯកឧត្តម ស្វាយ ស៊ីថា បានបញ្ជាក់ថា ធ្វើជាមន្ត្រីល្អ គាប្បីមន្ត្រីគ្រប់រូបត្រូវតែបំរើ ប្រជាពលរដ្ឋដោយស្មោះសបំផុត។
ការជំរុញ និងលើកទឹកចិត្តឲ្យមន្ត្រីបំពេញតួនាទីរបស់ខ្លួន ដោយការទទួលខុសត្រូវដើម្បី ជាទំនុក ចិត្តរបស់ប្រជាពលរដ្ឋយ៉ាងដូចនេះ ខណៈឯកឧត្តមជួបសំណេះសំណាល នៅក្នុងវេទិកា សាធារណៈមួយក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ ដែលមានការចូលរួមពី ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ អភិបាលស្រុកបាទី មេភូមិទាំង១៣ ក្រុមការងារសម្ព័ន្ធយុវជនកម្ពុជាក្នុងឃុំ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងមូលដ្ឋាន សរុបប្រមាណជាង៣០០នាក់។
ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា បានមានប្រសាសន៍ថា ” ដាច់ខាតមិនត្រូវទុក បញ្ហា អសកម្ម មួយចំនួនរបស់សមត្ថកិច្ចក្នុងមូលដ្ឋានដែលមិនបាន ផ្តល់នូវសេវាសាធារណៈជូនប្រជា ពលរដ្ឋ ឲ្យបានទាន់ពេលវេលា ហើយទុកឲ្យប្រជាពលរដ្ឋរស់នៅដោយការភ័យខ្លាចពីសន្តិសុខ សុវត្ថិភាពនោះទេ”។ ឯកឧត្តមបានបន្តថា បើភូមិឃុំកើតមាននូវបញ្ហាចោរកម្ម គ្រឿងញៀន បងតូចបងធំ និងល្បែងស៊ីសង នោះហើយដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងយុវជនក្នុងឃុំ។
ឯកឧត្តម ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា ឯកឧត្តមបានទទួលនូវរបាយការណ៍ ជាបន្តបន្ទាប់ពីក្រុម ការងារ ថ្នាក់ជាតិចុះមូលដ្ឋានជាប្រចាំ ពីប្រជាពលរដ្ឋ ជាពិសេសយុវជន ថា បញ្ហាដែលប្រជា ពលរដ្ឋកំពុងប្រឈមនោះ គឺបានកើតឡើងដោយសារកំសោយរបស់សមត្ថកិច្ច មូលដ្ឋានដែល មិនបានបំពេញការងាររបស់ខ្លួនដោយស្មារតីទទួលខុសត្រូវ ហើយមិនត្រឹមតែប៉ុណ្ណោះទេ មន្ត្រី មួយចំនួនក្នុងឃុំ ក៏មានជាប់ពាក់ព័ន្ធនឹងមុខសញ្ញាជនល្មើសគ្រឿនញៀនផងដែរ ទើបបណ្តាល ឲ្យបញ្ហាមួយចំនួនដោះស្រាយមិនមានប្រសិទ្ធភាពនោះទេ។ ឯកឧត្តមបានអះអាងថា ប្រជាពល រដ្ឋ មួយចំនួន នៅពេលមានការទៅពឹងពាក់សមត្ថកិច្ច គឺពិបាកនឹងទាក់ទង ហើយមានពេលខ្លះ ទៅ រកដល់ប៉ុស្តិនគរបាល មិនឃើញមន្ត្រីប្រចាំការ ឬកើតមានរឿងមិនប្រក្រតីអ្វីមួយ សមត្ថកិច្ចមិនអើពើជួយដោះស្រាយឲ្យបានទាន់ពេលវេលាឡើយ នេះគឺជាកង្វល់ដែល ឯកឧត្តមជំរុញឲ្យមន្ត្រីគ្រប់រូបត្រូវតែបញ្ចប់នូវភាពអសកម្មទាំងនេះជាបន្ទាន់។