ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ដងទង់ និងសមិទ្ធផលនានានៅវត្តភ្នំដា


ដងទង់ដ៏ធំ និងសមិទ្ធផលនានានៅវត្តភ្នំដា ស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដល់ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ២.២២២អង្គ/នាក់។

នាឱកាសនោះឯកឧត្តមបណ្ឌិតបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា សមិទ្ធផលនានាដែលយើងមាននាពេលនេះគឺកើតចេញពីសន្តិភាព ហើយលទ្ធផលសន្តិភាពថ្ងៃនេះ គឺសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំរបស់យើងបានយកជីវិតជាដើមទុន ទៅប្ដូរដើម្បីបានសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ។ ឯកឧត្តមបន្តថា រយៈពេលជាង ៥០០ឆ្នាំមកហើយកម្ពុជាពុំដែលស្គាល់នូវសុខសន្តិភាពពេញលេញទូទាំងប្រទេសឡើយ ប៉ុន្តែក្រោយការលះបង់ និងការដឹកនាំតស៊ូរបស់សម្តេចតេជោ សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ និងរក្សាបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេសជាប្រវត្តិសាស្ត្រ។ឯកឧត្តមបន្ថែមថា សុខសន្តិភាព បានបង្កបរិយាកាសល្អដើម្បីធ្វើការអភិវឌ្ឍ និងកសាងសមិទ្ធផលនានានៅទូទាំងប្រទេស ក៏ដូចជានៅខេត្តតាកែវ ជាក់ស្ដែងដូចជាដងទង់ដ៏ខ្ពស់ស្កឹមស្កៃ និងសមិទ្ធផលនានានៅក្នុងវត្តភ្នំដា ស្រុកអង្គរបូរី ដែលបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះគឺសុទ្ធសឹងជាផ្លែផ្កានៃសន្តិភាពដែលយើងទាំងអស់គ្នាទទួលបានមកដោយលំបាក។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរីសូមជួយថែរក្សាសមិទ្ធផលនានាដែលមាន ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាពដែលយើងមាននាពេលនេះដើម្បីឱ្យកម្ពុជាកាន់តែមានឱកាសក្នុងការអភិវឌ្ឍជឿនលឿនបន្ថែមទៀត។

សូមបញ្ជាក់ថា ភ្នំដាជាទីតាំងប្រវត្តិសាស្ត្រដ៏យូរអង្វែងមួយ ដែលមានប្រាសាទបុរាណ កសាងនៅលើកូនភ្នំតូចមួយនាកំឡុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រ ដែលគ្រងរាជនៅចុងសម័យនគរភ្នំ ព្រះនាមរុទ្រវរ្ម័ន ឈ្មោះថាប្រាសាទភ្នំដា នេះបើតាមការបញ្ជាក់របស់លោក មីប្រីណូ ប្រវត្តិ វិទូជនជាតិបារាំង។ ប្រាសាទភ្នំនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ដោយពុំមានកំផែងព័ទ្ធជុំវិញនោះទេ ហើយបែរមុខឆ្ពោះទៅទិសខាងជើង។ កំពូលប្រាសាទត្រូវបាក់បែកមួយផ្នែកធំ វ័ន្តដែលរចនា ឡើងជារឿងកូរសមុទ្រទឹកដោះ ក៏បាក់បែកជាពីរផ្នែក ហើយមួយទៀតបង្ហាញពីព្រះវិស្ណុកំពុងផ្ទំ។ ប្រាសាទនេះមានរាងការ៉េ ទំហំ១២ម៉ែត្រ x១២ម៉ែត្រ កម្ពស់១៨ម៉ែត្រ មានទ្វារ៤ ដែលក្នុងនោះមានទ្វារបញ្ឆោតបី និងទ្វារពិតមួយ បែរមុខទៅទិសខាងជើងសំដៅរាជធានី នគរគោកធ្លក។