សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៥៨៧នាក់ បន្ថែមទៀតនៅក្នុងឃុំខ្វាវ ស្រុកទ្រាំង ត្រូវបានឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារចុះជួយចង្កោម ៨ឃុំ អញ្ជើញប្រកាសបញ្ចូលជាផ្លូវការ នារសៀលថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សឃុំ ក្រោយពីប្រកាសបញ្ចូលសមាជិកថ្មីសរុបចំនួន ១.៤៩៣នាក់ នៅឃុំជីខ្មា ឃុំព្រៃស្លឹក និងឃុំរនាមរួចមក។
ឯកឧត្តម សុខ ពុទ្ធិវុធ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខចំពោះបងប្អូនពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ក៏ដូចជាលោកវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ព្រមទាំងបានជម្រាបជូនបងប្អូនថា ការសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ របស់បងប្អូននៅពេលនេះគឺដោយសារមើលឃើញពីគោលនយោយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ រំដោះប្រទេសជាតិរំដោះបងប្អូនប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ហើយដឹកនាំការពារសន្តិភាព ស្ថេរភាព និងកសាងប្រទេសតាំងពីបាតដៃទទេរហូតមានការរីកចំរើនជឿនលឿនដូចសព្វថ្ងៃនេះ ហើយរាជរដ្ឋាភិបាលអាណត្តិទី ៦ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងបន្តធ្វើកំណែរទម្រង់ស៊ីជម្រៅ ខិតខំធ្វើការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត ព្រមទាំងជម្រុញបង្កើននូវប្រសិទ្ធភាពសេវាសាធារណៈ ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែច្រើន ដែលនឹងបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រជូនបងប្អូន។ ដោយឡែកក្នុងនាមឯកឧត្តមជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង លោកនឹងបន្តខិតខំចូលរួមចំណែកអភិវឌ្ឍន៍ស្រុកទ្រាំងឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែរ។
ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានផ្តាំផ្ញើដល់សមាជិកថ្មីទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស គោលការណ៍ ក៏ដូចជាអង្គការចាត់តាំងរបស់គណបក្ស ហើយត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកក្នុងការអនុវត្តការងារដើម្បីបុព្វហេតុគណបក្ស និងសង្គមជាតិ ព្រោះថាការរួបរួមសាមគ្គីគ្នា និងការបម្រើប្រជាពលរដ្ឋយ៉ាងស្មោះស្ម័គ្រនេះហើយទើបគណបក្សបានទទួលនូវការគាំទ្ររហូតទទួលនូវជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កន្លងមកនេះ។