ឯកឧត្តម សុខ ពុទ្ធិវុធ ប្រាប់ដល់ប្រជាពលរដ្ឋរួបរួមគ្នាការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយជម្រុញឱ្យកាន់តែរីកចំរើនថែមទៀត


ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំសន្លុង ស្រុកទ្រាំង នាព្រឹកថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានជម្រាបជូនសមាជិក សមាជិកាគណបក្សថាតាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺមានតែគណបក្សប្រជាជនកម្ពុជាទេដែលនៅក្បែបងប្អូន រួមសុខ រួមទុក្ខជាមួយបងប្អូន ហើយបានដឹកនាំកសាង អភិវឌ្ឍន៍តាំងពីចំនុចសូន្យរហូតដល់មានការអភិវឌ្ឍដល់សព្វថ្ងៃនេះពុំមែនជារឿងងាយស្រួលឡើយ ដូច្នេះយើងត្រូវតែរួបរួមគ្នាការពារសន្តិភាព ការពារការអភិវឌ្ឍរបស់ប្រទេសយើង ហើយជម្រុញឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានជម្រុញដល់សមាជិកត្រូវពង្រឹងរចនាសម្ព័ន្ធបក្ស បង្កើនទំនាក់ទំនងរវាងសមាជិក ក្រុមបក្ស គ្រួសារបក្ស ជាមួយថ្នាក់ដឹកនាំបក្សនៅមូលដ្ឋានដើម្បីចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ហើយប្រសិនបើមានការថ្នាំងថ្នាក់សូមយោគយល់អធ្យាស្រ័យហើយសហការគ្នាធ្វើយ៉ាងណាឱ្យសមាជិកគណបក្ស ក៏ដូចជាប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នាព្រោះការបោះឆ្នោតនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត អាចការពារសន្តិភាព ស្ថេរភាពជូនបងប្អូន និងនាំមកនូវការអភិវឌ្ឍជូនសង្គមជាតិ។ ដូច្នេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះបានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចការពារសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាពជូនបងប្អូន។