ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ បានចុះជួបសំណេះសំណាល និងបង្ហាញពីរបៀបគូសសន្លឹកឆ្នោតជូនបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិថ្មី ឃុំរនាម ស្រុកទ្រាំងខេត្តតាកែវ។
នៅក្នុងឱកាសជួបសំណេះសំណាល និងបង្ហាញពីរបៀបការគូសសន្លឹកឆ្នោត ឯកឧត្តម សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា ពីមួយថ្ងៃទៅមួយថ្ងៃកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែមានភាពរីកចំរើនគួរឱ្យកត់សម្គាល់ ដែលទាំងនេះហើយគឺជាផ្លែផ្កាមួយនៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិយើង មានការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យជាពិសេសធ្វើយ៉ាងណាឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋកាន់តែធូធាឡើង ។
ឯកឧត្តម សុខ ពុទ្ធិវុធ បន្តទៀតថា ក្នុងនៅការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន វត្តអារាម និងប្រព័ន្ធធារាសាស្ត្រត្រូវបានចាត់ទុកជាវិស័យអទិភាពមួយ ហើយវាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៏ ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ជាពិសេសបងប្អូនយុវជនរបស់យើង មានឱកាស់ពង្រឹងចំណេះដឹងរបស់ខ្លួនដើម្បីចូលរួមចំណែកជាមួយគណបក្សក្នុងការអភិវឌ្ឍប្រទេសយើងឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ក៏បានណែនាំអំពីនីតិវិធីនៃការការបោះឆ្នោត និងការគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ ព្រមទាំងជម្រុញឲ្យបងប្អូនសមាជិកទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ពិសេសនោះគឺត្រូវតែបន្តបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដើម្បីគាំទ្រសម្តេច ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត នៅថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០១៨នេះ៕