ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ចុះជួបសមាជិកគណបក្សជាង៦ពាន់នាក់ ពេញមួយថ្ងៃ តាមឃុំចំនួន៥ ក្នុងស្រុកទ្រាំង និងស្រុកគិរីវង់ ខេត្តតាកែវ


ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាបេក្ខជនពេញសិទ្ធិតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ អមដំណើរដោយឯកឧត្តម សុខ សូកាន ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក និងឃុំ ជាច្រើនរូបទៀត បានបន្តចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងធ្វើការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅក្នុងពិធីជួបជុំចំនួន៥កន្លែងផ្សេងគ្នា រួមមាន ឃុំជីខ្មា ឃុំប្រាំបីមុំ ឃុំអង្គខ្នុរ និងឃុំអង្កាញ់ ស្រុកទ្រាំង និងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃពុធ ៦ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកគណបក្សតាមឃុំនីមួយៗ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការថ្នាក់កណ្តាលចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកយ៉ាងសស្រាក់សស្រាំ និងធំធេងបំផុត ក្នុងការស្វែងរក និងរក្សាបាននូវជ័យជំនះជាបន្តបន្ទាប់ជូនគណបក្ស។

ជាមួយគ្នានោះផងដែរឯកឧត្តមបានរំលឹកឡើងវិញពីបទពិសោធន៍ និងវិធីសាស្រ្តនានាជូនអង្គពិធី ជាពិសេសភ្នាក់ងារគណបក្ស ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការអនុវត្តការងារ ព្រោះ ភ្នាក់ងារគណបក្សមានតួនាទីសំខាន់បំផុតតំណាងឱ្យគណបក្ស ស្របទៅតាមច្បាប់ និងនីតិវិធីរបស់ គ.ជ.ប នៅក្នុងការិយាល័យបោះឆ្នោតនីមួយៗ។

ចុងបញ្ជប់នៃពិធីសំណេះសំណាលនីមួយៗក្នុងឃុំទាំង៥ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់ត្រូវទៅបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់គ្នា ហើយសមាជិកម្នាក់បោះជូនគណបក្សឱ្យបានមួយសន្លឹក និងបោះឱ្យត្រូវ។