ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ចុះជួបសមាជិកបក្សជាង២៥០០នាក់ក្នុងឃុំគោកព្រេច ស្រុកគិរីវង់


ព្រឹកថ្ងៃពុធ ៦ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាបេក្ខជនពេញសិទ្ធិតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ អមដំណើរដោយឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ ប្រធានក្រុមការងារសេនាធិការនៃក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត និងជាបេក្ខជនពេញសិទ្ធិតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគិរីវង់ និងជាបេក្ខជនពេញសិទ្ធិតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ និងស្រុក ជាច្រើនរូបទៀត បានចុះជួបសំណេះសំណាល សួរសុខទុក្ខសមាជិកបក្ស គ្រួសារបក្ស និងភ្នាក់ងារគណបក្សចូលរួមចំនួន ២,៥២៨នាក់។

ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចអគ្គមហាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះសមាជិកគណបក្សក្នុងស្រុកគិរីវង់ ជាពិសេសឃុំគោកព្រេច។ ឯកឧត្តមក៏បានលើកឡើងពីស្រុកគិរីវង់ជាស្រុកគំរូមួយក្នុងខេត្តតាកែវ ដែលតែងតែទទួលបានជ័យជម្នះនៅគ្រប់ការបោះឆ្នោត ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ការងារចុះជួយស្រុកគិរីវង់ ថ្នាក់ដឹកនាំគណបក្សស្រុកដែលបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងថ្លែងអំណរគុណដល់សមាជិកគណបក្សក្នុងស្រុកគិរីវង់ ជាពិសេសឃុំគោកព្រេចដែលតែងតែគាំទ្រនូវការដឹកនាំរបស់គណបក្ស។
ឯកឧត្តមក៏លើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់ភ្នាក់ងារគណបក្សដែលជាតំណាងឱ្យគណបក្សនៅថ្ងៃបោះឆ្នោត និងណែនាំដល់ភ្នាក់ងារគណបក្សទាំងអស់ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អដើម្បីនាំមកនូវជោគជ័យជូនគណបក្ស។

ជាចុងក្រោយឯកឧត្តមក៏បានជម្រុញដល់សមាជិកគណបក្សទាំងអស់ត្រូវទៅបោះឆ្នោត ហើយបោះឱ្យត្រូវជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេសរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។