នៅព្រឹកអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ២០១៨ ឯកឧត្តម សុខ សូកាន បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ បានបន្តចុះជួបសំណេះសំណាលជាមួយសាខាបក្សភូមិ និង ប្រធានក្រុមបក្ស នៃគណបក្សឃុំព្រៃរំដេង សរុប ៣៧៣ នាក់ នៅស្នាក់ការគណបក្សឃុំ។
ថ្លែងក្នុងពីធីជួបជុំនោះឯកឧត្តម សុខ សូកាន បានរំលឹកជូន អំពីប្រវត្តិនៃការតស៊ូ រំដោះ ស្វែងរក និងថែរក្សាសុខសន្តិភាព ជូនជាតិមាតុភូមិយើងពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ។ ឯកឧត្តមបន្តថាផ្តើមចេញពីសុខសន្តិភាព និងការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្តកន្លងមកនេះហើយទើបយើងទាំងអស់គ្នា រួមជាមួយថ្នាក់ដឹកនាំគណបក្សមានឱកាសអាចអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃនិយាយជារួម និងដោយឡែកសម្រាប់ស្រុកគិរីវង់យើងផ្ទាល់ក្រោមការដឹកនាំ និងបន្សល់ទុកនូវមរតកជាច្រើនរបស់ សម្តេចវិបុលបញ្ញា សុខ អាន ដែលជាមូលដ្ឋាន គ្រឹះ និងមាគ៌ាសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយធ្វើឱ្យមានការរីកចំរើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ធនធានមនុស្ស និងការធ្វើឱ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃលើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហា ទុក្ខកង្វល់ និងការលំបាកនានាជូនប្រជាពលរដ្ឋ ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារគណបក្សប្រចាំស្រុកគិរីវង់ ។
ចុងបញ្ចប់នៃពិធីឯកឧត្តម សុខ សូកាន បានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាគណបក្សទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងចូលរួមថែរក្សាសុខសន្តិភាពកន្លងមក ព្រមទាំងបានផ្តាំផ្ញើជូនសមាជិក សមាជិកាអង្គពិធីទាំងអស់ត្រូវទៅបោះឆ្នោតទាំងអស់គ្នា បោះឱ្យត្រូវជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍ។