បន្ទាប់ពីសំណេះសំណាលជាមួយសមាជិកគណបក្សនៅឃុំអង្គកែវរួចមក ឯកឧត្តម សុខ ពុទ្ធិវុធ បន្តចុះសំណេះសំណាលជាមួយសមាជិកបក្សចំនួន ២២៩នាក់នៅឃុំសន្លុង ស្រុកទ្រាំង នារសៀលថ្ងៃអាទិត្យ ០៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សឃុំ។
ឯកឧត្តមជម្រាបបងប្អូនសមាជិក សមាជិកាគណបក្សថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានលះបង់សាច់ស្រស់ ឈាមស្រស់រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសដែលជាមូលដ្ឋាននៃការអភិវឌ្ឍ ហើយកសាងប្រទេសតាំងពីចំនុចសូន្យរហូតក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយនឹងជម្រុញឱ្យក្លាយជាប្រទេសចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលអភិវឌ្ឍន៍លឿនបំផុតក្នុងពិភពលោក។
ឯកឧត្តមក៏បានជម្រុញសមាជិក សមាជិកាទាំងអស់រួបរួមគ្នាប្រឹងប្រែង រក្សាល្បឿនសេដ្ឋកិច្ចនេះឱ្យបាន ហើយត្រូវពង្រឹងនិងពង្រីកបន្ថែមទៀតប្រកបដោយគុណភាព ហើយគណបក្សបាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងតាមរយៈអភិក្រមទាំង ០៥ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស គឺងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល និងវះកាត់ ដែលជាការពង្រឹងដល់គុណភាពអភិវឌ្ឍន៍ហើយអ្នកណាដែលធ្វើឱ្យរាំងស្ទះនឹងត្រូវវះកាត់ចេញ។
ក្នុងឱកាសឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយចង្កោម៨ឃុំ នោះក៏បានជម្រាបជូនបងប្អូនពីវិធានការជាអទិភាពរបស់គណបក្សត្រូវជម្រុញអនុវត្តក្នុងឆ្នាំ២០១៩ ដែលត្រូវបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្មករ និយោជិត មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។