ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានប្រជាការពារឃុំខ្វាវ និងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ចំនួន ១៦០នាក់ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាស្រុកទ្រាំង ដោយមានការចូលរួមពី លោក ផូ ផល្គុណ និងលោក អ៊ុ ចំរើន សហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំខ្វាវ លោក ហេង សុគន្ធ និង ឯកឧត្តម ធង ឯម សហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រៃស្លឹក និងក្រុមការងារ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានធ្វើការកោតសរសើរចំពោះទឹកចិត្ត និងឆន្ទៈរបស់បងប្អូនទាំងអស់ ដែលបានស្ម័គ្រចិត្តក្នុងការចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន។
បន្ថែមពីនោះឯកឧត្តម បានបញ្ជាក់បន្ថែមថាការថែរក្សាសុខសន្តិសុខ សណ្តាប់ធ្នាប់គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសទៅទៀតគឺការថែរក្សាសុខសន្តិភាពនៃប្រទេសទាំងមូល។ សូមបងប្អូនប្រជាការពារទាំងអស់ធ្វើការតាមដានជាប្រចាំ អំពីស្ថានភាពជាក់ស្តែង និងសភាពការទូទៅក្នុងមូលដ្ឋាន ដើម្បីសហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការដោះស្រាយបញ្ហផ្សេងៗ។
ជាចុងក្រោយ ឯកឧត្តម សុខ ពុទ្ធិវុធ បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាការពារទាំងអស់ឱ្យខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានភូមិ ឃុំ និងបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គម តាមរយៈការចូលរួមបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។