ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ព្រមទាំងចែកសៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន


ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ ព្រមទាំងចែកសៀវភៅក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ជូនដល់លោកគ្រូអ្នកគ្រូទទូទាំងស្រុកទ្រាំង នៅការិយាល័យគណបក្សស្រុកទ្រាំងដោយមានអ្នកចូលរួមសរុបប្រមាណ ១៣០០នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។

 

ឯកឧត្តម សុខ ពុទ្ធិវុធ បានជម្រាបដល់លោកគ្រូ អ្នកគ្រូថាគោលបំណងដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចែកជូនសៀវភៅក្រមង៉ុយ និងសៀវភៅ បណ្ឌិត អ៊ូ ចុង ដល់លោកគ្រូ អ្នកគ្រូគឺដើម្បីចង់បញ្ជាក់ថាលោកតែងតែនឹកនាដល់លោកគ្រូ អ្នកគ្រូ ហើយក៏ចង់ឱ្យកូនខ្មែររបស់យើងចងចាំនូវបណ្តាំរបស់ដូនតានិងចង់ឱ្យលោកគ្រូ អ្នកគ្រូជួយផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយរបស់យើងពីខ្លឹមសារដ៏មានសារៈសំខាន់ បែបពុទ្ធប្រវត្តិ​ ច្បាប់គោរពមាតាបិតា​ ដំបូន្មានបព្វជិត​ អត្ថបទបែបអប់រំ​ ដាស់តឿន​ ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ​ បាប​ គុណ​ ទោស​ មានសីលធម៌​ និងសុជីវធម៌រស់នៅល្អ ដើម្បីឱ្យបានយល់ជ្រួតជ្រាបពីគុណតម្លៃរបស់មនុស្ស ពីព្រោះក្រៅពីចំណេះដឹង គុណតម្លៃរបស់មនុស្សគឺជាកត្តាសំខាន់មួយសម្រាប់សង្គមជាតិរបស់យើង។

ឯកឧត្តម​មានប្រសាសន៍បន្តថាសន្តិភាពគឺជាកត្តាស្នូលនៃការអភិវឌ្ឍ តែការអភិវឌ្ឍមានគុណភាពកម្រិតណាគឺអាស្រ័យលើធនធានមនុស្ស ហើយលោកគ្រូអ្នកគ្រូគឺជាកត្តាសំខាន់បំផុតក្នុងការបណ្តុះធនធានទាំងនេះ។ ឯកឧត្តម សុខ ពុទ្ធិវុធ បានបញ្ជាក់ថាបច្ចុប្បន្ននេះវិស័យអប់រំត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនេះតាមរយៈការដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដែលបាននឹងទទួលលទ្ធផលគួរជាទីមោទនៈ។

 

ជាមួយគ្នានេះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ក៏បានជម្រាបជូនពីការតស៊ូលះបង់របស់ថ្នាក់ដឹកនាំគណបកប្រជាជនកម្ពុជាក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបប៉ុលពត ហើយដឹកនាំកសាងប្រទេសពីចំនុចសូន្យរហូតមានការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃនេះ។ឯកឧត្តមបន្តថា ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្តិភាពទូទាំងប្រទេសដែលយើងមិនធ្លាប់ទទួលបានក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំមកហើយ ហើយសន្តិភាពនេះហើយដែលធ្វើឱ្យយើងអាចមានឱកាសអភិវឌ្ឍប្រទេស អភិវឌ្ឍជីវភាពគ្រួសារ ប្រជាពលរដ្ឋយើងមានទូរស័ព្ទ ម៉ូតូ រថយន្តទំនើបប្រើប្រាស់គ្រប់ផ្ទះ។ ប៉ុន្តែទោះជាយ៉ាងណាកក៏មានមនុស្សមួយក្រុមតូចបាននឹងកំពុងព្យាយាមបំផ្លាញសន្តិភាពនេះតាមរយៈការប៉ុនប៉ងធ្វើបដិវត្តន៍ព័ណ៌ ដោយសារតែការស្រេចឃ្លានអំណាចដោយខុសច្បាប់ ព្រោះថាបើសិនជាដណ្តើមអំណាចតាមរយៈការបោះឆ្នោតនោះនឹងគ្មានថ្ងៃឈ្នះគណបក្សប្រជាជនកម្ពុជាឡើយ។

ជាចុងក្រោយឯកឧត្តមក៏បានអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូទាំងអស់រួមគ្នាថែរក្សាសន្តិភាពដែលមានក្នុងប្រទេសយើងដើម្បីបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនជឿនលឿន ហើយដើម្បីអាចការពារសន្តិភាពបានមានតែទោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទៅ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។