ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបន្ទាយជុំ ស្ថិតនៅឃុំអូរសារាយ ស្រុកត្រាំកក់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំដោះប្រទេសកម្ពុជាចេញពីរបបខ្មៅកខ្វក់ប្រល័យពូជសាសន៍ប៉ុល ពត ហើយនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះៗដែលយើងពុំដែលទទួលបានឡើយក្នុងរយៈពេល ៥០០ឆ្នាំ។ ដោយសារមានសន្តិភាពពេញលេញរយៈពេល ២០ឆ្នាំមកនេះទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេសយើងរីកចំរើនដល់សព្វថ្ងៃនេះ សន្តិភាពនេះមានសារៈសំខាន់ណាស់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារសន្តិភាពដែលយើងរកបានដោយលំបាកនេះឱ្យបាន ហើយអ្នកដែលអាចការពារសន្តិភាពនេះបានគឺមានតែរាជរដ្ឋាភិបាលដឹកនាំសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះ។ដូច្នេះសូមបងប្អូប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងការអភិវឌ្ឍ។
នាឱកាសនោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានរំលឹកឡើងវិញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដែលបំផ្លាញអស់នូវហេដ្ឋរចនាសម្ព័ន្ធ សូម្បីតែវត្តអារាម កាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យធ្វើការលើសកំលាំង រីឯព្រះសង្ឃក៏ត្រូវបានបង្ខំឱ្យសឹកទាំងអស់ដោយចោទថាជាអ្នកជិះជាន់ពលកម្ម។ឯកឧត្តមបញ្ជាក់ថានេះគឺជារឿងពិត មិនមែនជារឿងប្រឌិតដូចជនអគតិមួយចំនួននិយាយនោះទេ ដូច្នេះសូមយុវជនជំនាន់ក្រោយចាំឱ្យច្បាស់នូវសច្ចភាពប្រវត្តិសាស្ត្ររបស់កម្ពុជាយើងមួយនេះ។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ និងលោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធិសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ ជុំវិញស្រុក ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ តាជីយាយជី យុវជនកាយរិទ្ធ កាកបាទក្រហម ស.ស.យ.ក និងសិស្សានុសិស្សចូលរួមប្រមាណជិត ៤ពាន់នាក់។