ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាក បាទក្រហមខេត្តតាកែវ អមដំណើរដោយឯកឧត្តម លោកជំទាវ រួមជាមួយសប្បុរសជនបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ ផ្តល់ជូន គ្រួសារប្រជាពលរដ្ឋទីទ័លក្រ ស្តី្រមេម៉ាយ ចាស់ជរា និងជនពិការ ចំនួន ៥០គ្រួសារ មកពី៣ឃុំ គឺឃុំចំប៉ា ឃុំពោធិ៍រំចាក និងឃុំព្រៃកប្បាស ក្នុងស្រុកព្រៃកប្បាស ដែលពិធីនេះប្រារព្ឋធ្វើឡើងនៅបរិវេណ វត្តសមរលាវ ស្ថិតនៅឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស នាព្រឹកថ្ងៃអង្គារ ១ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានកតិ្តយសសាខាកាកបាទក្រហមខេត្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខ របស់បងប្អូន ប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរង គ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើស អើងវណ្ណៈ ប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ។
ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់បងប្អូនសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមដែលកើតឡើងដោយសារបម្រែបម្រួលអាកាស និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អ៊ូច ភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះដើម្បីបង្ហាញពីឆន្ទះរបស់ខ្លួន ជ្រើសរើសគណបក្ស និងថ្នាក់ដឹកនាំណាដែលបងប្អូនស្រលាញ់ពេញចិត្ត ហើយបម្រើយកចិត្តទុកដាក់ចំពោះបងប្អូនពិតប្រាកដ ដឹកនាំប្រទេសប្រកបដោយសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍន៍។