ថ្លែងក្នុងឱកាសអញ្ជើញជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធី សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាពុទ្ធកបឋមសិក្សាព្រះគ្រូសិលាភិមុនី ក្នុងវត្តបារមីគោត្តម ស្ថិតក្នុងភូមិគោកអង្គង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម ស្រី បេន សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនប្រមាណ ២០០០នាក់ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបានឡើយចំពោះមនុស្សគ្រប់រូប។
ឯកឧត្តមពន្យល់ថា ពាក្យថាសន្តិភាពគឺស្រួលនិយាយណាស់ ហើយស្តាប់ទៅហាក់ដូចជាគ្មានតម្លៃ ប៉ុន្តែផ្ទុយទៅវិញវាមានតម្លៃពុំអាចកាត់ថ្លៃបានឡើយសម្រាប់យើង ហើយដោយសារតែសន្តិភាពនេះហើយដែលធ្វើឱ្យយើងអាចមានឱកាសកសាងនូវសមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធនៅថ្ងៃនេះ។ ឯកឧត្តមបន្តថាយើងបានជួបប្រទះ និងឆ្លងកាត់រួចហើយនូវរបបប្រល័យពូជសាសន៍ សង្គ្រាមកាប់សម្លាប់គ្នា ហើយពេលនោះយើងពុំមានឱកាសសូម្បីតែហូបឆ្អែត ប្រជាពលរដ្ឋជួបតែទុក្ខវេទនា រហូតអ្នកខ្លះបានស្លាប់ រងនូវពិការភាព ព្រាត់ប្រាសសាច់ញាតិ ប៉ុន្តែរាជរដ្ឋាភិបាលបាលរំដោះយើងចេញពីរបបប្រល័យពូជសាសន៍នោះ ហើយនាំមកនូវសន្តិភាពពេញលេញ ព្រមទាំងខិតខំកសាងនូវសាលារៀន ផ្លូវថ្នល់ វត្តអារ៉ាម ផ្តល់សិទ្ធសេរីភាពគ្រប់បែបយ៉ាង និងជួយឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរដែលធ្វើឱ្យយើងមានលទ្ធភាពក្នុងការចូលរួមកសាងសមិទ្ធផលនានាក្នុងពេលនេះ ដូច្នេះយើងត្រូវរួបរួមគ្នាថែរក្សានូវសន្តិភាពដែលមានតម្លៃមហាសាលនេះឱ្យបានដាច់ខាតមិនឱ្យជនណាមកបំផ្លាញឡើយ។
ឯកឧត្តមក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋពីការបន្តខិតខំរបស់រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយនានា ដើម្បីធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ខុសពីគណបក្សមួយចំនួនដែលតែងតែដើរសន្យាខ្យល់ ឃោសនាបន្ថោកបង្អាប់ធ្វើឱ្យជាតិអាប់អោន ជាពិសេសគឺតែងតែដើរសុំឱ្យអន្តរជាតិឈប់ទិញទំនិញពីកម្ពុជាដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋយើង។
ឯកឧត្តមក៏បានអំពាវនាវដល់អ្នកដែលចង់បានការគាំទ្រពីប្រជាពលរដ្ឋដើម្បីឈ្នះការបោះឆ្នោតត្រូវខិតខំធ្វើអំពើល្អ ជួយកសាងសមិទ្ធផលនានាដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំលះបង់អស់កម្លាំងកាយចិត្ត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋនាពេលកន្លែងនោះនឹងទទួលបានការគាំទ្រហើយ។ ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិតក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋសូមទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតគាំទ្រដើម្បីឱ្យសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាតឱ្យកាន់តែរីកចម្រើនទៅមុខទៀត។