ព្រឹកថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័ណ៌ផលិតផលសក្តានុពលខេត្តតាកែវ និងផលិតផលបរទេស ឆ្នាំ២០១៨នៅបរិវេណលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត។
ក្រៅពីថ្លែងអំណរគុណមន្ទីរពាណិជ្ជកម្មដែលបានខិតខំក្នុងការជម្រុញដល់ការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុននានា ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពីការរីកចំរើននៅក្នុងខេត្តដែលជាពិសេសគឺវិស័យកសិកម្ម និងវិស័យឧស្សាហកម្មដែលក្នុងនោះវិស័យឧស្សាហកម្មបានស្រូបយកកម្លាំងពលកម្មរហូតដល់ ៤ម៉ឺននាក់។
ក្នុងឱកាសនោះឯកឧត្តមក៏បានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានរៀបចំពិព័ណ៌នេះឡើង ហើយសំណូមពរការលក់ផលិតផលត្រូវឆ្លើយតបទៅនឹងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋយើងដែលមានតម្រូវការចំពោះសម្ភារប្រើប្រាស់ ទាំងតម្លៃ និងគុណភាពត្រូវឱ្យមានភាពសមស្របឱ្យទទួលយកបាន ហើយសូមកុំឱ្យមានការក្លែងបន្លំដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។
ទន្ទឹមនឹងនោះឯកឧត្តមក៏បានជម្រុញ ដល់សាខាកាំកុងត្រូលខេត្ត និងស្ថាប័នពាក់ព័ន្ធត្រូវបន្តតាមដានត្រួតពិនិត្យ និងចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះផលិតផលណាដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ហើយត្រូវរួមគ្នាកាត់បន្ថយនូវភាពអសកម្មទាំងនេះ និងឈានទៅលុបបំបាត់ចោលទាំងស្រុងពីទឹកដីខេត្តតាកែវរបស់យើង។