ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ អមដំណើរដោយឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រីពេទ្យ មន្ត្រីរដ្ឋបាលស្រុក ក្រុមប្រឹក្សាស្រុក ឃុំ ទូទាំងស្រុកកោះអណ្តែតសរុប ៨០២នាក់ ក្នុងបរិវេណវិទ្យាល័យ សុខ អាន កោះអណ្តែត នាព្រឹកថ្ងៃសៅរ៍ ០៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកអភិបាលស្រុកកោះអណ្តែតរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍សំណេះសំណាលដោយជម្រាបជូនលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការទាំងអស់ពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាការគិតគូរដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ហើយតាមរយៈការគិតគូរនេះទើបរហូតមកដល់ពេលនេះប្រាប់បៀវត្សទាបបំផុតរបស់លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការបានកើនឡើងជាលំដាប់រហូតដល់ជាង ១លានរៀល ហើយនឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងខែមេសាខាងមុខនេះ។
ទន្ទឹមនឹងការកើនឡើងជាលំដាប់នូវប្រាក់បៀវត្សរបស់មន្ត្រីរាជការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានល្អ គោរពនូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ហើយមិនត្រូវធ្វើអ្វីដែលប្រាសចាកនូវក្រមសីលធម៌នេះឡើយ ព្រោះថាលោកគ្រូ អ្នកគ្រូ គ្រូពេទ្យគឺជាបុគ្កលបណ្តុះបណ្តាល និងជួយសង្គ្រោះមនុស្ស គឺជាបុគ្គលដែលគេគោរព ដូច្នេះមិនត្រូវធ្វើអ្វីដែលមិនឱ្យគេគោរពឱ្យតម្លៃនោះឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីសន្តិភាពដែលរកបានដោយលំបាកនៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាសន្តិភាពដែលយើងមិនដែលមានឡើយក្នុងរយៈពេល ៥០០ឆ្នាំកន្លងមក ហើយមានតែសម្តេចតេជោ ហ៊ុន សែន ទេដែលអាចនាំយកសន្តិភាពពេញលេញជូនប្រជាពលរដ្ឋយើង តាមរយៈការលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ហើយយកជីវិតទៅប្តូរចូលទៅចរចានៅក្នុងមូលដ្ឋានរបស់ទ័ពខ្មែរក្រហមដើម្បីបង្រួបង្រួមជាតិ ក្រោមនយោបាយឈ្នះៗ ដែលនាំឱ្យយើងទទួលបានសន្តិភាពពេញលេញទូទាំងប្រទេសចាប់ពីឆ្នាំ១៩៩៨ ហើយថែរក្សា ការពារសន្តិភាពនោះរហូតមកដល់សព្វថ្ងៃ។