ព្រឹកថ្ងៃអង្គារ ១៣កើត ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម ហ៊ុន សារឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលស្រុកបាទី ដោយលោក ភួន ឈីម អភិបាលរងស្រុក ត្រូវបានតែងតាំងជាអភិបាលស្រុក ជំនួសលោក អ៊ុក រី អតីតអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅសាលាខេត្ត។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកបាទី ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពនៅក្នុងខេត្ត និងមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ ព្រមទាំងប្រធានក្រុមប្រឹក្សាឃុំទូទាំងស្រុកបាទី។
ក្រោយពីស្តាប់នូវការឡើងប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកថ្មីរួចមក ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកអភិបាលស្រុកចាស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនបានល្អកន្លងមក និងអបអរសាទេចំពោះលោកអភិបាលស្រុកថ្មីដែលត្រូវបានប្រកាសតែងតាំងនាថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើទៅលោកអភិបាលស្រុកថ្មីដឹកនាំរក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ចាត់ទុកមន្ត្រីក្រោមឱវាទរបស់ខ្លួនប្រៀបដូចជាក្រុមគ្រួសារត្រូវយកចិត្តទុកដាក់ជួយយកអាសារចំពោះមន្ត្រីរបស់ខ្លួន ហើយមិនត្រូវទុកមន្ត្រីណាម្នាក់ដែលជួបប្រទះបញ្ហាដោយពុំអើពើឡើយ។ បន្ថែមពីនោះអភិបាលស្រុកត្រូវចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវបញ្ហាក្នុងមូលដ្ឋាន ហើយត្រូវដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់រហ័សបំផុតតាមអភិក្រមទាំង៣គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើបន្ថែមដល់លោកអភិបាលស្រុកថ្មី ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវ យកចិត្តទុកដាក់ អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពបំផុត ហើយត្រូវចាត់ទុកបញ្ហាល្បែងស៊ីសង និងគ្រឿងញៀនជាបញ្ហាអទិភាពដែលត្រូវបង្ក្រាប និងទប់ស្កាត់ឱ្យបាន។