ព្រឹកថ្ងៃអាទិត្យ ០៦រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៣៩ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ៧៤១០នាក់។
ក្រោយពីបានស្តាប់សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តម ឡាយ វណ្ណៈ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងគូសបញ្ជាក់ថាថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៣៩នៃជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ៧ មករា ១៩៧៩ ដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា រាប់លាននាក់ អោយរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៍សាហាវយង់ឃ្នងបំផុត ដែលបានបើកឡើងនូវសករាជថ្មី នៃកម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍន:ភាពសង្គម។ ឯកឧត្តមបន្តថាកន្លងមកមានជនអគតិមួយចំនួនព្យាយាមបំភ្លៃការពិតនៃថ្ងៃ ៧ មករា ថាជាថ្ងៃដែលវៀតណាមគ្រប់គ្រងមកលើកម្ពុជាប៉ុន្តែប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានដឹងយ៉ាងច្បាស់ថា ៧ មករា គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរបានរស់ឡើងវិញ ហើយវាគឺជាសច្ចះភាពប្រវត្តិសាស្ត្រដែលមិនអាចកែប្រែបាន។
ឯកឧត្តមក៏បានលើកឡើងពីការប៉ុនប៉ងធ្វើបដិវត្តពណ៌របស់ ក្រុមប្រឆាំងមួយចំនួនដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រីតាមរយៈការញុះញង់ លាបពណ៌បញ្ឆេះកំហឹង បង្ករអស្ថេរភាពនៅក្នងប្រទេស ប៉ុន្តេក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោបានធ្វើឱ្យគោលបំណងធ្វើបដិវត្តពណ៌ត្រូវបានបរាជ័យទាំងស្រុង ហើយរាជរដ្ឋាភិបាលបាននឹងកំពុងដឹកនាំកម្ពុជានៅលើផ្លូវត្រូវប្រកបដោយសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវរួមគ្នាការពារសន្តិភាពដែលកំពុងតែមាននេះឱ្យបានដើម្បីឱ្យប្រទេសយើងកាន់តែរីកចំរើនបន្ថែមទៀត។
កម្មវិធីនេះក៏មានចែករង្វាន់ដល់ម្ចាស់ជ័យលេភីតែងកំណាព្យ សូត្រកំណាព្យ កីឡាប៉េតង់ ពានរង្វាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប៊ិន ឈិន ផងដែរ។