ផ្សារសហគមន៍កំពុងជ្រៃថ្មី ស្ថិតក្នុងឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃសៅរ៍ ០៥រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង ឯកឧត្តម ឌួង តារា អនុរដ្ឋលេខាទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដោយក្នុងនោះតូបចំនួន ២០១ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ។
លោក ប៉ាវ លុយ ប្រធានផ្សារសហគមន៍ថ្មីបានធ្វើរបាយការណ៍ពីការសាងសង់ផ្សារដោយបានគូសបញ្ជាក់ថា ផ្សារសហគមន៍ថ្មីនេះមានតូបសរុបចំនួន ៣០៤តូប ដោយក្នុងនោះតូបចំនួន ២០១តូប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្រីក្រដើម្បីមានលទ្ធភាពប្រកបរបរសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតីបានសម្តែងនូវការអបអរសាទរចំពោះបងប្អូន ក៏ដូចជាសមិទ្ធផលថ្មីនេះហើយផ្សារសហគមន៍ថ្មីនេះនឹងក្លាយទៅជាទីតាំងដោះដូរទំនិញថ្មីមួយទៀតដែលនឹងចូលរួមជម្រុញចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន។ គណៈអធិបតីក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរពីជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ហើយមានតែរាជរដ្ឋាភិបាលសម្តេចតេជោទេ ដែលចែកតូបជូនដល់បងប្អូនដោយឥតគិតថ្លៃ ហើយក៏គ្មានការយកភាស៊ីដែរ។
ចុងក្រោយគណៈអធិបតីក៏បានផ្តាំផ្ញើបងប្អូនអាជីវករទាំងអស់ត្រូវលក់នូវទំនិញណាដែលជាតម្រូវការចាំបាច់ពិតប្រាកដនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវរួមគ្នាថែរក្សា និងសម្អាតបរិស្ថាននៅក្នុងផ្សារឱ្យបានស្អាតជាប្រចាំពីព្រោះផ្សារនេះពុំមានអ្នកយកភាស៊ីដើម្បីធ្វើអនាម័យឡើយ។