ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៤០គ្រួសារមកពីស្រុកបូរីជលសារ ដើម្បីស្តាប់ និងដោះស្រាយកង្វល់ជូនបងប្អូន


ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារមកពីស្រកបូរីជលសារដើម្បីស្តាប់ពីកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយកង្វល់ជូនបងប្អូន។
ក្រោយពីបានស្តាប់នូវការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលខេត្តបានជម្រាបបងប្អូនថារាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការឡើយ ហើយក្នុងនាមឯកឧត្តមជាមន្ត្រីរាជការនៅក្រោមឱវាទសម្តេច ជាមន្ត្រីរាជការដែលត្រូវបម្រើរាស្ត្រ ឯកឧត្តមនិងខិតខំដោះស្រាយកង្វល់ឱ្យបងប្អូនឱ្យអស់ទៅលទ្ធភាព។ ដោយឡែកចំពោះកង្វល់របស់បងប្អូនឯកឧត្តមនឹងចុះទៅពិនិត្យដោយផ្ទាល់ហើយដោះស្រាយជូនបងប្អូនដោយយុត្តិធម៌បំផុត។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មេភូមិ ឃុំ និងអភិបាលស្រុកត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អបំផុតពីព្រោះដំណែងដែលយើងមានសព្វថ្ងៃនេះក៏បានដោយសារប្រជាពលរដ្ឋដែរ។