សមាជិកអតីតគណបក្សសង្គ្រោះជាតិនៅឃុំដូង ស្រុកបាទី ចំនួន ៣២៧នាក់ ស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា


សមាជិកអតីតគណបក្សសង្គ្រោះជាតិនៅឃុំដូង ស្រុកបាទី ចំនួន ៣២៧នាក់ ស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានធ្វើពិធីប្រកាសជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ ០៨កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅស្នាក់ការបក្សឃុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។
ក្រោយពីបានទទួលសេចក្តីសម្រេចបញ្ចូលជាផ្លូវការរួចមកតំណាងសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាបានឡើងបង្ហាញប្តេជ្ញាចិត្តស្មោះស្ម័គ្រជាមួយគណបក្ស និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយរបស់បក្សដើម្បីប្រយោជន៍ជាតិ និងប្រជាជន។ តំណាងសមាជិកគណបក្សប្រជាជនកម្ពុជាដែលទើបតែទទួលស្គាល់ជាផ្លូវការថ្មីនេះក៏បានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការយល់ខុសរបស់ខ្លួនដោយបានទៅរួមរស់ជាមួយគណបក្សដទៃដែលគ្មានមនសិកាស្នេហាជាតិ និងប្រជាជនពិតប្រាកដផងដែរ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តម ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវចំពោះសមាជិកថ្មីដែលបានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបន្តថាពីមុនបងប្អូនបានគិតខុសជឿលើការញុះញុងបំបែកបំបាក់ពីសំណាក់ជនអគតិមួយចំនួនដើម្បីតែនយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួន ប៉ុន្តែពេលនេះបងប្អូនបានត្រឡប់មកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញហើយដែលនេះគឺជាការបង្ហាញពីការរួបរួមគ្នាឡើងវិញ ក្នុងមហាគ្រួសារខ្មែរ ហើយបើមានការរួបរួមគ្នាខ្មែរយើងនឹងអភិវឌ្ឍន៍ឆ្ពោះទៅមុខកាន់តែលឿន ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
3D26A35B-76E2-4DAE-BC5C-B389878A47B3 5D64C103-56E5-4D75-8092-2326116626C8 544310AA-8AD9-4D67-B1E2-BCB6A2FF6E36 C2FA3677-32A1-412F-A958-FC0A73C9EDEF DC5E0207-882F-441A-A101-C51DA8759AE3