ឯកអគ្គរដ្ឋទូតចិនឯកឧត្តម ស្យុង ប៉ និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ឯកឧត្តមសុខ សូកាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារការិយាល័យ ជាជំនួយរបស់ស្ថានទូតចិន ជូនដល់សសយក ខេត្តតាកែវ និងរដ្ឋបាលស្រុកគិរីវង់


ស្រុកគិរីវង់៖ ព្រឹកថ្ងៃអង្គារ ០២រោច ខែមិគសិរ ឆ្នាំរកា ព. ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតចិនឯកឧត្តម ស្យុង ប៉ និងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវឯកឧត្តម សុខ សូកាន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារការិយាល័យ ដែលជាជំនួយរបស់ស្ថានឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋប្រជាមានិតចិន នៅសាលាស្រុកគិរីវង់ ដោយមានការចូលរួមពីលោក ឡាយ វណ្ណៈ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធ កាកបាទក្រហម យ៉ាងច្រើនកុះករប្រមាណជាង២០០នាក់។
ក្នុងឱកាសដែលទទួលនូវសម្ភារការិយាល័យដែលមានដូចជា កុំព្យូទ័រយួរដៃ ១៦៨គ្រឿង កុំព្យូទ័រលើតុ ២០គ្រឿង ដុំWiFi ២០គ្រឿង និងម៉ាស៊ីនស្កេន័រ ១៥គ្រឿងនេះ លោក សុខ សូកាន បានថ្លែងអំណរគុណដល់មហាមិត្តចិននិងបានថ្លែងថាការផ្តល់ជំនួយទាំងនេះពិតជាចំកាលៈទេសៈសម្រាប់ប្រតិបត្តិការងារចាំបាច់ប្រចាំថ្ងៃ។ ហើយលោកបានរំលឹកថា សមិទ្ធផលទាំងឡាយក្នុងស្រុកគិរីវង់នៅថ្ងៃនេះ គឺមានការរួមចំណែកយ៉ាងធំធេងរបស់ សម្តេចវិបុលបញ្ញា សុខ អាន កាលលោកនៅមានជីវិត។
ឯកឧត្តមតំណាងរាស្រ្ត បានលើកឡើងពីទំនាក់ទំនងជាប្រពៃណីនិងជាប្រវត្តិសាស្រ្តរវាងកម្ពុជា ចិន តាំងពីជាង២០០០ឆ្នាំមុន ហើយបានបន្តរឹតចំណងមិត្តភាពកាន់តែខ្លាំងឡើងដោយសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ ហើយចុងក្រោយនេះទំនាក់ទំនងនៃប្រទេសទាំងពីរបានឈានដល់ចំនុចកំពូលដែលមិនធ្លាប់មាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជិនពីង។
អ្នកតំណាងរាស្ត្រវ័យក្មេងមណ្ឌលតាកែវបានសង្កត់ធ្ងន់ថា ប្រទេសចិនគឺជាមិត្តពិតប្រាកដ និងជាមិត្តដ៏ល្អរបស់កម្ពុជា ដែលតែងតែជួយឧបត្ដម្ភគាំទ្ររាល់ការអភិវឌ្ឍរបស់កម្ពុជាស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន។
បន្ទាប់ពីពិធីប្រគល់ទទួលសម្ភារការិយាល័យទាំងនេះរួចមក គណៈអធិបតីក៏បានអញ្ជើញពិនិត្យអគារសិក្សា ដែលកំពុងជួយសាងសង់ ១ខ្នង ២ជាន់ ១២បន្ទប់ នៅវិទ្យាល័យ សុខ អាន ទន្លាប់ និងស្ថានីយ៍បូមទឹកមួយកន្លែងនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលជាគំរោងជំនួយរបស់រដ្ឋាភិបាលចិនផងដែរ។
IMG_0395
IMG_0398
IMG_0410
IMG_0436
IMG_0486
IMG_0510
IMG_0517
IMG_0527
IMG_0546
IMG_0560
IMG_0569