រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព និងសួរសុខទុក្ខកម្មករ កម្មការនីដែលរងគ្រោះថ្នាក់ដោយសារក្រឡាប់រថយន្តដឹកកម្មករកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបណ្តាលឱ្យកម្មករស្លាប់ ០១នាក់ របួសធ្ងន់ ០៣នាក់ និងរបួសស្រាល ១២១នាក់។
ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព និងសួរសុខទុក្ខចំពោះកម្មករ កម្មការនីដែលរងរបួសពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវចំពោះឧបទ្ទេវហេតុដ៏គួរឱ្យសោកស្តាយនេះ និងបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ព្យាបាលបងប្អូនឱ្យបានល្អនិងជាសះស្បើយទើបអនុញ្ញាតិឱ្យត្រឡប់ទៅផ្ទះវិញ។
ឯកឧត្តមក៏បានសង្កត់ធ្ងន់ថាលោកនឹងបញ្ជាឱ្យគណៈកម្មាធិការត្រួតពិនិត្យបច្ចេកទេសយានយន្តធ្វើការត្រួតពិនិ្យឡើងវិញនូវលក្ខណៈបច្ចេកទេសរថយន្តដឹកកម្មករ និងអ្នកបើកបររថយន្តទូទាំងខេត្ត ថាតើលក្ខណៈបច្ចេកទេសរថយន្តត្រឹមត្រូវតាមស្តង់ដារដែលបានកំណត់ឬអត់ ហើយអ្នកបើកបរមានបណ្ណបើកបរត្រឹមត្រូវឬទេ? ហើយប្រសិនបើពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះនឹងពុំត្រូវបានអនុញ្ញាតិឱ្យដឹកកម្មករនោះទេព្រោះជីវិតរបស់បងប្អូនកម្មករពីផ្ញើទាំងស្រុងលើរថយន្តនិងអ្នកបើបរនេះហើយដូច្នេះមិនអាចធ្វេសប្រហែសបានឡើយ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បាននាំមកនូវអំណោយ និងថវិកាមួយចំនួនរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការជូនដល់បងប្អូនកម្មករដែលរងរបួស និងឧបត្ថម្ភដល់ក្រុមគ្រួសារសពនូវថវិកាចំនួន ០៩លានរៀល ដោយក្នុងនោះថវិការបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការចំនួន ០២លានរៀល ឯកឧត្តម ជា វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី ០១លានរៀល ឯកឧត្តមអភិបាលខេត្ត ០១លានរៀល សាខាកាកបាទក្រហមកម្ពុជាខេត្ត ០១លានរៀល និងបេឡាជាតិរបបសន្តិសុខសង្គមចំនួន ០៤លានរៀល។ បន្ថែមពីនោះឯកឧត្តមអភិបាលខេត្តក៏បានទទួលបង់ថ្លៃសាលាផ្គត់ផ្គង់ការសិក្សាប្រចាំខែរហូតចប់បរិញ្ញាបត្រដល់ប្អូនស្រីសពម្នាក់ដែលកំពុងបន្តការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា និងសន្យាផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់ប្អូនស្រីម្នាក់ទៀតនៃសពក្រោយពេលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។