ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន អញ្ជើញផ្សព្វផ្សាយពីសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាលបញ្ចប់បណ្តឹងទំនាស់ដីធ្លី នៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងឯកឧត្តម លោកជំទាវ ជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ខេត្តតាកែវ រសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញផ្សព្វផ្សាយពីសេចក្តីជូនដំណឹងលេខ៩៦៨សជណ របស់រាជរដ្ឋាភិបាលលើករណីបណ្តឹងរបស់តំណាងប្រជាពលរដ្ឋចំនួន ១៣៧គ្រួសារ សុំជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន ស៊ុន ហួរ នៅចំណុចស្រែជើងរាស្រ្ត ភូមិបុស្សតាផង់ ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និងសេចក្តីជូនដំណឹងលេខ៩៦៩សជណ លើករណីបណ្តឹងប្រជាពលរដ្ឋ១៣៨គ្រួសារ សុំអន្តរាគមន៍ដោះស្រាយដីធ្លីពួកគាត់ជាមួយឈ្មោះ តូច បញ្ញា លើដីទំហំ៩១៥ ហិកតា នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ។
នៅក្នុងឱកាសចុះផ្សព្វផ្សាយពី សណជ របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៍នៅចំពោះមុខប្រជាពលរដ្ឋនៅទីនោះថា ដោយមើលឃើញពីការលំបាក និងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឯកភាពបញ្ចប់ទំនាស់នេះតាមរយៈការចេញសេចក្តីជូនដំណឹង ដោយបានប្រគល់ដីជូនប្រជាពលរដ្ឋដែលមានទំនាស់ជាមួយនឹងឈ្មោះ ស៊ុន ហួរ និងតូច បញ្ហា មកវិញតាមទំហំដីដែលពួកគាត់បានកាន់កាប់ និងបង្កបង្កើនផលតាមការជាក់ស្តែង ហើយក្នុងនោះក៏ផ្តល់នូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ផងដែរ ដើម្បីជាគុណប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋក្នុងការ ប្រើប្រាស់ អស្រ័យផល និងចាត់ចែងដោយស្របច្បាប់ និងពុំមានការភ័យខ្លាចតទៅទៀត ហើយតាមរយៈការបញ្ចប់ទំនាស់ និងផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់នេះ វាបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន លើការជួយដោះទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ នយោបាយ ពិសេសគឺការជួយដល់ពួកគាត់មានដីប្រើប្រាស់បង្កបង្កើនផលដើម្បីចិញ្ចឹមជីវភាពក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ ។
ក្រោយពីបានស្តាប់ការប្រកាសផ្សព្វផ្សាយស.ជ.ណរបស់រាជរដ្ឋាភិបាល រួចមកប្រជាពលរដ្ឋដែលមានទំនាស់ខាងលើបានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង ព្រមទាំងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែល បានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋហើយបានប្រគល់ដី និងធ្វើបណ្ណកម្មសិទ្ធស្របច្បាប់ជូនពួកគាត់។
20171111_123534
20171111_124143
20171111_132101(0)
20171111_133629
23484825_492424824475182_1014712095_o
photo_2017-11-11_15-18-33