ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ និងប្រគល់ម៉ូតូដល់សិស្សឆ្នើមនិទ្ទេស A នៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី


ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបូរី បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ ព្រមទាំងប្រគល់ម៉ូតូដល់សិស្សឆ្នើមនិទ្ទេស A និងលោកគ្រូបង្រៀនមុខវិជ្ជាដែលមានអត្រាសិស្សជាប់និទ្ទេស A ច្រើនជាងគេ នៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ក្នុងស្រុកអង្គរបូរី។
ក្រោយពីបានស្តាប់នូវសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអានដោយលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី និងការចែករំលែកបទពិសោធន៍ដើម្បីប្រលងជាប់និទ្ទេស A ពីសិស្សឆ្នើមនិទ្ទេស A ញឹម វិតួ រួចមក ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សដោយបានលើកយកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាក្នុងការកសាងប្រទេសជាតិតាំងពីបាតដៃទទេក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយដៃម្ខាងការពារការត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដៃម្ខាងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្តសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើងជាពិសេសគឺវិស័យធនធានមនុស្ស ដែលជាវិស័យមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសយើង តាមរយៈការបង្កើតសាលារៀននៅជិតភូមិឃុំរបស់ប្អូនៗ ការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ការជម្រុញលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងជម្រុញឱ្យមានវគ្គបង្រៀនបំប៉នជាដើម។
នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តប្អូនៗសិស្សានុសិស្សត្រូវចេះមានក្តីស្រមៃ ហើយខិតខំប្រឹងប្រែងរៀនសូត្រដើម្បីសម្រេចបានក្តីស្រមៃរបស់ខ្លួនដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ម៉ូតូម្នាក់មួយគ្រឿងដល់សិស្សឆ្នើមនិទ្ទេស A និងលោកគ្រូបង្រៀនមុខវិជ្ជាដែលមានអត្រាសិស្សបាននិទ្ទេស A ច្រើនជាងគេព្រមទាំងចែករង្វាន់សិស្សពូកែដល់សិស្សានុសិស្សពីលេខ ១ដល់លេខ ៥ក្នុងស្រុកអង្គរបូរីផងដែរ។
IMG_8965
IMG_8975
IMG_8976
IMG_8983
IMG_8989
IMG_9004
IMG_9019
IMG_9026
IMG_9029