កំណើនពលរដ្ឋមកពិនិត្យព្យាបាល នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋខេត្តតាកែវ កើនឡើងនៅដើមឆ្នាំ២០១៧នេះ ដោយសារមានគ្រូពេទ្យឯកទេស និងឧបករណ៍កាន់តែទំនើប


ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋចំនួន១៨៩៧៩នាក់ បានទៅទទួលសេវាពិនិត្យសុខភាព និងព្យាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងខេត្តតាកែវ ដោយគិតពីខែមករា ដល់ខែមិថុនា។ ករណីប្រជាពលរដ្ឋមកពិនិត្យពិគ្រោះជម្ងឺក្រៅ មានចំនួនសរុប៣៩២៤៦៤ករណី (ក្នុងនោះករណីថ្មីមានចំនួន ៣៥៥៦៩៨ករណី)។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៦កន្លងទៅ មានការកើនឡើងច្រើន។

នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋនៅខេត្តតាកែវ បានពិនិត្យពិគ្រោះជំងឺក្រៅ មានចំនួនសរុបជិត៤សែនករណី។ ចំនួនពិគ្រោះជម្ងឺខាងលើការប្រើប្រាស់សេវា ដោយប្រជាពលរដ្ឋក្រីក្រ ដែលមានការគាំទ្រពីកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍មាន ចំនួន៤៦២៣៣ករណី។ ទទួលបានការលើកលែងលើការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមានចំនួន ៣១ករណី។ ដោយឡែកអាត្រាស្លាប់មានតែ០,២២ភាគរយប៉ុណ្ណោះ នៃអ្នកជំងឺដែលមកសម្រាកព្យាបាលជិត២ម៉ឺននាក់។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្តថា ចំណែកស្រ្តីមកសំរាលកូននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកវិញមានចំនួន ១៩០៣នាក់ ក្នុងចំណោមស្រ្តីខាងលើមានស្រ្តីចំនួន៥៧៧នាក់ ដែលជាស្រ្តីក្រីក្រ ត្រូវបានជួយពីមូលនិធិសមធម៌ ដែលរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៏ជាអ្នកផ្ដល់ថវិការ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ រំពឹងថាក្នុងរយៈពេលពេញមួយឆ្នាំ២០១៧នេះ កំណើនប្រជាពលរដ្ឋដែលចូលមកពិគ្រោះ សម្រាកព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករបស់រដ្ឋពិតជាមានការកើនឡើងជាក់ជាពុំខានព្រោះបច្ចុប្បន្ន សេវារបស់រដ្ឋមានឧបករណ៍ទំនើប និងមានគ្រូពេទ្យឯកទេស សម្រាប់ព្យាបាលអ្នកជំងឺ ហើយម្យ៉ាងទៀតអាកប្បកិរិយារបស់គ្រូពេទ្យ ចំពោះអ្នកជំងឺក៏មានការប្រែប្រួលជាងមុន៕
#កម្ពុជាពិត #វេជ្ជបណ្ឌិតនុតស៊ីណាត #ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ
 20245682_460464471001233_2035279424909859001_n 20374238_460464537667893_865120600731275861_n 20245797_460464461001234_3723847291249186216_n 20264845_460464464334567_128869008954625601_n