ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យតំបន់អភិរក្សសត្វក្រៀលត្រពាំងល្ពៅ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំកម្លាំងចំរុះចុះត្រួតពិនិត្យតំបន់អភិរក្សសត្វក្រៀលត្រពាំងល្ពៅ និងសំណេះសំ ណាលជាមួយប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារខេត្តតាកែវ ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានណែនាំប្រជាពលរដ្ឋកុំឱ្យជឿលើការញុះញង់របស់ជនមួយចំនួនហើយចូលទៅទន្ទ្រានកាន់កាប់តំបន់អភិរក្សដែលជាជំរកសត្វក្រៀលដោយខុសច្បាប់ ដែលបណ្តាលឱ្យមានទោសដល់ខ្លួន។
ឯកឧត្តមបន្តថាអាជ្ញាធរអនុញ្ញាតឱ្យប្រជាពលរដ្ឋបន្តអាស្រ័យផលទៅលើដីដែលបងប្អូនធ្លាប់បានធ្វើកន្លងមកប៉ុន្តែហាមដាច់ខាតការទន្ទ្រានបន្ថែមទៀតទៅលើតំបន់អភិរក្ស ជាពិសេសគឺតំបន់ស្នូលដែលមានទំហំ ៩១៩ហិកតា។
ឯកឧត្តមអភិបាលខេត្តក៏បានជម្រាបដល់ប្រជាពលរដ្ឋថានាពេលឆាប់ៗខាងមុខនេះឯកឧត្តមនឹងស្នើសុំក្រសួងបរិស្ថានដើម្បីបោះបង្គោលសីមាដែនអភិរក្សដើម្បីឱ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីទីតាំងដែលត្រូវហាមខាត់។ ហើយទន្ទឹមនឹងនោះឯកឧត្តមក៏បានណែនាំដល់លោកមេភូមិឱ្យធ្វើស្ថិតិប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ដើម្បីលោកធ្វើសំណើរទៅរាជរដ្ឋាភិបាលតាមរយៈឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានកាត់ដីតំបន់ណាមួយប្រគល់ជូនដល់ប្រជាពលរដ្ឋដែលពុំមានដីបង្កបង្កើនផលពិតប្រាកដដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់គាត់។
ក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះឯកឧត្តមអភិបាលខេត្តក៏បានដោះស្រាយនូវសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋក្នុងភូមិសង្គមមានជ័យមួយចំនួនបន្ថែមទៀតផងដែរ។
IMG_0704 IMG_0711 IMG_0715 IMG_0720 IMG_0734 IMG_0739