ពិធីអបអរសាទរខួបទី១៥៤ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហម មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» បានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នាសាលមហោស្រពខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ និងយុវជនសរុប ៥៩៤នាក់ ដោយរៃអង្គាសថវិកាបានជាង ១៤ម៉ឺនដុល្លារ ។
ថ្លែងក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍កោតសរសើរដល់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវដែលកន្លងមកបានធ្វើការងារយ៉ាងសកម្ម និងចុះជួយបានទាន់ពេលវេលា នូវរាល់បញ្ហា និងភាពប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តម ក៏បានថ្លែងគោរពកោតសរសើរខ្ពស់ដល់ការដឹកនាំប្រកបដោយទឹកចិត្តមនុស្សធម៌ និងកិត្តិបណ្ឌិតពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកនាំកាកបាទក្រហមកម្ពុជាជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះទូទាំងប្រទេសកម្ពុជាកន្លងមក។
ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ត្រូវខិតខំបន្តជម្រុញ បណ្តុះបណ្តាលជំនាញ លើកកម្ពស់ស្មារតី លើកទឹកចិត្តដល់យុវជនដើម្បីចូលរួមក្នុងកិច្ចការនេះក៏ដូចជាបង្កើនប្រសិទ្ធិភាពការងារមនុស្សធម៌នេះសំដៅធ្វើយ៉ាងណា ធ្វើឱ្យបានច្រើន ធ្វើឱ្យបានល្អ ធ្វើឱ្យបានស៊ីជម្រៅ និងទៅឱ្យឆ្ងាយជាងមុន។